កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានធនាគារពិភពលោកព្យាករថានឹងថមថយមកនៅត្រឹម ៣.៥ ភាគរយ ក្នុងឆ្នាំ ២០២៦។ នេះបើយោងតាមរបាយការណ៍ថ្មីចុងក្រោយ ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំឆមាសសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក។

ការធ្លាក់ចុះនេះ ត្រូវបានធនាគារពិភពលោកអះអាងថា ភាគច្រើនបណ្តាលមកពីការថយចុះនៃការប្រើប្រាស់ឯកជន ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះយ៉ាងគំហុកនៃរំហូរប្រាក់ផ្ញើពីក្រៅប្រទេស អតិផរណាខ្ពស់ និងកំណើនឥណទានទាប ដែលកត្តាទាំងអស់នេះបាននិងកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើកម្លាំងទិញរបស់គ្រួសារ។

ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជានៅតែមានសញ្ញាវិជ្ជមានឡើងវិញក្នុងរយៈពេលមធ្យម ជាមួយនឹងការព្យាករណ៍ថានឹងងើបឡើងវិញដល់ ៤.០ ភាគរយ ក្នុងឆ្នាំ ២០២៧ និង ៥.០ ភាគរយ ក្នុងឆ្នាំ ២០២៨។ ការព្យាករណ៍នៃការងើបឡើងវិញនេះ គឺផ្អែកទៅលើសេណារីយោដែលមានស្ថិរភាពនៃតម្លៃថាមពល ការស្តារឡើងវិញនៃវិស័យទេសចរណ៍ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចបានជោគជ័យរបស់ពលករចំណាកស្រុកដែលបានវិលត្រឡប់មកប្រទេសវិញ។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ក៏បានព្រមានផងដែរថា បាតុភូត El Niño ត្រូវបានរំពឹងថានឹងក្លាយជាឧបសគ្គមួយដែលធ្វើឱ្យយឺតយ៉ាវដល់ល្បឿននៃការស្តារឡើងវិញរបស់វិស័យកសិកម្មនៅក្នុងឆ្នាំ ២០២៧ ខាងមុខនេះផងដែរ៕

