ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងលើកកម្ពស់សុខុមាលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ នេះបើតាមជំនួបពិភាក្សាការងារ,កាលថ្ងឿទី៥ ខែតុលា ឆ្នាំ២០២៦ រវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ជាមួយប្រតិភូតំណាង សម្ព័ន្ធអន្តរជាតិសម្រាប់ការទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ (IARD) ដឹកនាំដោយ លោក Julian Braithwaite ដែលជានាយកប្រតិបត្តិ និងជាប្រធាន IARD។

នាជំនួបនោះលោក ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះបេសកកម្ម និងការប្តេជ្ញាចិត្តរបស់ IARD ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការបរិភោគគ្រឿងស្រវឹងដោយទទួលខុសត្រូវការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានក្នុងសង្គម និងការជួយជំរុញស្តង់ដារប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវក្នុងឧស្សាហកម្មគ្រឿងស្រវឹងនៅលើឆាកអន្តរជាតិ។

លោក ក៏បានបញ្ជាក់ពីជំជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងលើកកម្ពស់សុខុមាលភាពសង្គម សុវត្ថិភាពសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ឯកឧត្តមបានលើកទឹកចិត្តឱ្យ IARD បន្តធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធរបស់កម្ពុជា ក្នុងការរៀបចំកម្មវិធីអប់រំសាធារណៈ។
ជាការឆ្លើយតប លោកនាយកប្រតិបត្តិ បានជម្រាបពីគោលនយោបាយ សកម្មភាពចម្បងៗ និងកិច្ចសហប្រតិបត្តិការរបស់ IARD ជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក។ លោកក៏បានលើកពីយុទ្ធសាស្ត្រការងាររបស់ខ្លួននាពេលអនាគត ដែលផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រុមហ៊ុនក្នុងតំបន់ ដើម្បីបង្កើនប្រសិទ្ធភាពសកម្មភាពការងាររបស់ខ្លួន។

តាមរយៈជំនួបខាងលើ CDC បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យឯកជនជាដៃគូមិនអាចខ្វះបាន ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាលបានបង្កើតយន្តការសន្ទនាផ្ទាល់ជាមួយវិស័យឯកជនត្រង់ទៅត្រង់មក ដោយតម្លាភាពនិងជាទៀងទាត់។ យន្តការទាំងនេះ គឺជាស្ពានឆ្លើយតប និងដោះស្រាយរាល់បញ្ហាប្រឈម សំណូមពរ និងកង្វល់របស់វិនិយោគិនបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវបរិយាកាសធ្វើធុរកិច្ចប្រកបដោយការទុកចិត្ត៕ អត្ថបទ៖ហ្សាលីន

