គណៈប្រតិភូសភាកម្ពុជា បានប្រកាសក្នុងការត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន ក្នុងខែវិច្ឆិកាខាងមុខនេះ ដើម្បីឱ្យទទួលបានជោគជ័យ នាំផលប្រយោជន៍ជូនពលរដ្ឋនិងប្រទេសជាតិ។

សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមាសភាពគណៈប្រតិភូសភាកម្ពុជា បានឱ្យដឹងថា កម្ពុជាត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន ក្នុងខែវិច្ឆិកាខាងមុខនេះ ឱ្យទទួលបានជោគជ័យ នាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ ប្រទេសជាតិ ក៏ដូចជាការលើកកម្ពស់កិត្យានុភាពប្រទេសជាតិនៅលើឆាកអន្តរជាតិផងដែរ។
កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការត្រៀមឯកសារនានា ឆ្លើយតបតាមរបៀបវារៈ និងកាលបរិច្ឆេទនៃមហាសន្និបាត ឱ្យបានគ្រប់ជ្រុងជ្រោយនិងល្អិតល្អន់។ សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា មហាសន្និបាតអន្តរសភាអាស៊ានគឺជាវេទិកាសំខាន់នៃការជួបជុំថ្នាក់ដឹកនាំបណ្តាសភាជាសមាជិកសមាគមអាស៊ាន និងបណ្តាសភាប្រទេសសង្កេតការណ៍រួមទាំងដៃគូអន្តរជាតិ ក្នុងការស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋ ទាំងក្នុងតំបន់និងសកលលោក។

សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា ក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ សម្រេចបានលទ្ធផលមួយចំនួន ដូចជាការរៀបចំសេចក្តីព្រាងសេចក្តីសម្រេចមួយចំនួនដើម្បីដាក់ចូលមហាសន្និបាត ជាដើម។
សម្តេចបញ្ជាក់ថា ការត្រៀមលក្ខណៈសម្បត្តិរបស់គណៈប្រតិភូសភាកម្ពុជាឱ្យបានគ្រប់ជ្រុងជ្រោយ ល្អិតល្អន់ រួមទាំងការរៀបចំសមាសភាពប្រតិភូចូលរួមកិច្ចប្រជុំនានារបស់អាយប៉ានិងកិច្ចប្រជុំពាក់ព័ន្ធទាំងខ្លឹមសារ ទស្សនាទាន សិល្បៈ ជាដើមនោះ នឹងធ្វើឱ្យការចូលរួមរបស់គណៈប្រតិភូសភាកម្ពុជា ទទួលបានជោគជ័យ នាំនូវផលប្រយោជន៍ជូនប្រទេសជាតិនិងពលរដ្ឋ ក៏ដូចជាការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។
តាមគម្រោង មហាសន្និបាតអាយប៉ាលើកទី៤៧ នឹងប្រារព្ធធ្វើពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សភាធានាឱ្យបាននូវអាស៊ាន មានសន្តិភាព វិបុលភាពដោយយកប្រជាពលរដ្ឋជាស្នូល”។
មហាសន្និបាតអាយប៉ាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺជាវេទិកាសភាសំខាន់នៅក្នុងតំបន់ដែលផ្តល់ឱកាសដល់តំណាងរាស្ត្រនៅក្នុងសហគមន៍អាស៊ាន ជួបជុំគ្នាដើម្បីពិភាក្សា ផ្លាស់ប្តូរមតិ យោបល់ ទស្សនៈ និងស្វែងរកយុទ្ធសាស្ត្រនិងគន្លឹះថ្មីៗដើម្បីរួមចំណែកដល់ការលើកកម្ពស់វប្បធម៌សន្ទនា ការចរចានិងការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី រួមចំណែកជាមួយអាស៊ានដែលជាស្ថាប័ននីតិប្រតិបត្តិក្នុងការឈានទៅសម្រេចឱ្យបានសហគមន៍អាស៊ានឆ្នាំ២០៤៥ សំដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព ដោយយកប្រជាពលរដ្ឋជាស្នូល៕ អត្ថបទ៖ហ្សាលីន

