ក្រុមហ៊ុន AkzoNobel ដែលជាក្រុមហ៊ុនផលិតថ្នាំលាបម៉ាក Dulux បានឲ្យដឹងនៅថ្ងៃទី៥ ខែតុលាថា ខ្លួនបានព្រមព្រៀងលក់អាជីវកម្មថ្នាំលាបនៅតំបន់អាស៊ីអាគ្នេយ៍ ទៅឱ្យក្រុមហ៊ុន Nippon Paint ក្នុងតម្លៃ ១,៣៥ពាន់លានដុល្លារ ដែលជាការរុះរើអាជីវកម្មថ្នាំលាបរបស់ខ្លួនឡើងវិញនៅតំបន់អាស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនផលិតថ្នាំលាបខ្នាតយក្សរបស់ហូឡង់មួយនេះ បានបញ្ជាក់ថា ការលក់នេះគ្របដណ្តប់លើប្រតិបត្តិការថ្នាំលាបលម្អនៅក្នុងប្រទេសវៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ សិង្ហបុរី ប៉ាពូញូវហ្គីណេ និងអូស្ត្រាលី ដោយរំពឹងថានឹងទទួលបានសាច់ប្រាក់សុទ្ធប្រមាណ ១ពាន់លានដុល្លារ បន្ទាប់ពីការបង់ពន្ធ និងការទូទាត់ជូនដៃគូភាគហ៊ុនភាគតិច។
កន្លងមក ក្រុមហ៊ុនផលិតថ្នាំលាប Dulux ធ្លាប់បានលក់ប្រតិបត្តិការថ្នាំលាបលម្អរបស់ខ្លួននៅប្រទេសឥណ្ឌា ក្នុងតម្លៃ ១,៦ពាន់លានដុល្លារ និងប៉ាគីស្ថាន ក្នុងតម្លៃ ៥០លានអឺរ៉ូ ផងដែរ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនហូឡង់នេះបានបញ្ជាក់កាលពីខែកក្កដាថា ដំបូងឡើយក្រុមហ៊ុន Nippon Paint បានដាក់សំណើជាច្រើនលើកដើម្បីទិញយកក្រុមហ៊ុន AkzoNobel ទាំងមូល ដោយវាយតម្លៃអាជីវកម្មនេះក្នុងទំហំទឹកប្រាក់ប្រមាណ ៧,៥ពាន់លានអឺរ៉ូ (៨,៤៤ពាន់លានដុល្លារ)។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមសារពត៌មាន Financial Times ដែលបានរាយការណ៍ពីកិច្ចព្រមព្រៀងនៅអាស៊ីអាគ្នេយ៍នេះមុនគេ បានឱ្យដឹងថា AkzoNobel នៅមិនទាន់មានផែនការលក់ទ្រព្យសកម្មបន្ថែមទៀតពីអាជីវកម្មនេះទេ ស្របពេល Nippon Paint នៅតែមានបំណងចង់បានកិច្ចព្រមព្រៀងធំជាងនេះ ដើម្បីគ្រប់គ្រងអាជីវកម្មថ្នាំលាបសកល៕

