ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ជាពិសេសប្រជាពលរដ្ឋដែលមិនមានដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលតែងតែជួយរកដំណោះស្រាយជូន។

សម្តេចលើកឡើងបែបនេះ គឺស្របពេលរឿងបញ្ហាដីធ្លីរបស់អ្នកស្រី សែម សុខគា នៅភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបិទបញ្ចប់ហើយ ដោយអ្នកស្រីគោរពអនុវត្តតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
នៅលើទំព័រហ្វេសប៊ុករវស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បានបង្ហាញថា អ្នកស្រី សែម សុខគា បានមានទំនាស់ដីធ្លីនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាមួយអាជ្ញាធរ ហើយបានតវ៉ាលើដងផ្លូវជាច្រើនលើក ដើម្បីស្វែងរកដំណោះស្រាយ។ ក្នុងពិធីសម្ពោធផ្លូវជាតិលេខ១០ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យអ្នកស្រី ចូលខ្លួនដោះស្រាយបញ្ហាដោយស្មោះត្រង់ ដោយអាជ្ញាធរនឹងដោះដូរដីថ្មីជូន។

ក្រោយទទួលបានប្រសាសន៍របស់សម្តេច អ្នកស្រី សែម សុខគា បានទទួលយក ហើយចូលខ្លួនដោះស្រាយជាមួយអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអរគុណអ្នកស្រី សែម សុខគា ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្តេច។
សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ជាពិសេសប្រជាពលរដ្ឋដែលមិនមានដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលតែងតែជួយរកដំណោះស្រាយជូន ដូចជាការផ្ដល់ដីសម្បទានសង្គមកិច្ចរួមទាំងការកសាងផ្ទះជូន ដែលកន្លងមករាជរដ្ឋាភិបាលបានផ្ដល់ឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅទូទាំងប្រទេសរួចហើយ តាមរយៈកម្មវិធីមួយចំនួន រួមមានកម្មវិធី LASED, កម្មវិធីផ្ដល់ដីជូនអតីតយុទ្ធជននិងនិវត្តន៍ជន, កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ។ល។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងអំណរគុណ លោក ខូយ រីដា អភិបាលគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារដែលដឹកនាំដោយលោក កែវ រតនៈដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លីនៅតំបន់នេះ រួមទាំងការស្វែងរកដំណោះស្រាយជូជូនប្អូនស្រី សែម សុគា ស្របតាមគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល។
សម្តេចមហាបវរធិបតី បានបញ្ជាក់ជាថ្មីដែរថា តំបន់អន្ទង់អាំង (ឬ បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ នឹងត្រូវថែរក្សាជាតំបន់សាធារណៈរបស់រដ្ឋ ដោយនឹងត្រូវរៀបចំដាំដើមឈើឡើងវិញ ក្នុងគោលដៅប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ សម្រាប់ប្រជាពលរដ្ឋ និងទេសចរណ៍អាចទៅកំសាន្តបាន៕ អត្ថបទ៖ហ្សាលីន

