កម្ពុជា-វៀតណាម ចុះអនុស្សរណៈអនុវត្តគម្រោងសាងសង់សាលាមិត្តភាពកម្ពុជា ក្នុងតម្លៃ៨លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ ចុះអនុស្សរណៈ (MoU) លើការអនុវត្តគម្រោងសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាម ដែលមានទំហំទឹកប្រាក់ប្រមាណ៨ លានដុល្លារអាមេរិក។ MoU ស្តីពីការអនុវត្តគម្រោងសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម»នេះ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ត្រូវបានចុះហត្ថលេខា នៅទីក្រុងហូជីមិញ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលវៀតណាម និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចុះហត្ថលេខានេះ រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្រេចផ្តល់អំណោយនូវគម្រោងសាង់សង់អគារថ្មី និងការជួសជុលកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ ក្នុងបរិវេណ «សាលាមិត្តភាពកម្ពុជា-វៀតណាម» រួមមាន៖ ការសាងសង់បន្ទប់សិក្សាថ្មី ចំនួន ៨០បន្ទប់ បន្ទប់ពិសោធន៍ចំនួន១ និងបន្ទប់កុំព្យូទ័រចំនួន ១ សម្រាប់សាលាបឋមសិក្សា និងសាងសង់បន្ទប់សិក្សាថ្មី ចំនួន ២៤បន្ទប់ បន្ទប់ពិសោធន៍ចំនួន ១ បន្ទប់កុំព្យូទ័រចំនួន ១ សម្រាប់សាលាអនុវិទ្យាល័យ ជួសជុលបន្ទប់រៀន ដែលមានស្រាប់ចំនួន ១៥បន្ទប់ នៅក្នុងអគារសម្តេចតេជោ សាងសង់អគារកីឡាពហុបំណងចំនួន ១ និងអគាររដ្ឋបាលរួមចំនួន ១ (សម្រាប់សាលាទាំងពីរថ្នាក់) ព្រមទាំងបំពាក់សម្ភារបរិក្ខារ ចាំបាច់មួយចំនួនទៀតសម្រាប់បម្រើដល់ការបង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង ៥,៥០០នាក់។

យោងតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ភាគីវៀតណាមបញ្ជាក់ថា គម្រោងនេះ នឹងប្រើប្រាស់ថវិកាសរុបចំនួន ៨លានដុល្លាអាមេរិច និងមានរយៈពេលសាងសង់ប្រមាណ១ឆ្នាំ ដែលបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ជាអ្នកទទួលបន្ទុកសាងសង់។ ជាមួយគ្នាដែរ ដើម្បីឱ្យគម្រោងអាចដំណើរការ ទៅដោយរលូន ឯកឧត្តមឧត្តមសេនីយ៍ត្រី ក៏បានស្នើសុំការសម្របសម្រួល ពីរដ្ឋបាលរាជធានីភ្នំពេញ លើការងារចាំបាច់មួយចំនួនផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ទុកថា«សាលាមិត្តភាពកម្ពុជា-វៀតណាម» មិនត្រឹមតែបានរួមចំណែក បម្រើដល់វិស័យអប់រំនិងការបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីស្មារតីសាមគ្គីភាព មិត្តភាព ទឹកចិត្តគោរ ពស្រឡាញ់រាប់អានការផ្តល់តម្លៃឱ្យគ្នា និងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា និងវៀតណាម ក្នុងនាមជាប្រទេសជិតខាង និងជាបងប្អូនល្អស្របតាម ទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរឹងមាំយូរអង្វែង»៕