ក្រសួងធនធានទឹក និងធនាគារពិភពលោក រួមគ្នាជំរុញគម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងធនធានទឹក និងធនាគារពិភពលោក បានកិច្ចប្រជុំរួមគ្នា ដើម្បីពន្លឿន និងពិនិត្យវឌ្ឍនភាពការងារគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា សំដៅធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនេះ បានធ្វើឡើងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះ ក្នុងក្របខណ្ឌគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ដោយមានការដឹកនាំពីលោក អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង ព្រមទាំងមានការចូលរួមពីក្រុមការងារបច្ចេកទេសនៃធនាគារពិភពលោក (World Bank) ដឹកនាំដោយលោក Michael Webster នាយកប្រតិបត្តិការនៃធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។

នាឱកាសនោះ លោក អឿង ចន្ថា អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក ព្រមទាំងរៀបចំផែនការសកម្មភាពបន្តឱ្យកាន់តែមានភាពច្បាស់លាស់ ដើម្បីធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន និងសម្រេចបានលទ្ធផលតាមការរំពឹងទុក ដោយប្រកាន់ខ្ជាប់នូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹករូបនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោក ដែលតែងតែគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុផងដែរ។

​សូមជម្រាបដែរថា តាមរយៈកិច្ចប្រជុំខាងលើ ក្រសួងធនធានទឹក ក៏បានសង្កត់ធ្ងន់ដែរថា លទ្ធផល និងអនុសាសន៍នៃកិច្ចប្រជុំនេះ ជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការជំរុញការអនុវត្តគម្រោងឱ្យចំទិសដៅ ដើម្បីលើកកម្ពស់ការគ្រប់គ្រងវិស័យធនធានទឹក ឧតុនិយម និងបង្កើនសមត្ថភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព៕ អត្ថបទ៖ហ្សាលីន