ក្រុមហ៊ុនមហាសេដ្ឋីអចលនទ្រព្យ Lucio Tan គ្រោងសាងសង់អគារខ្ពស់បំផុតទី២ នៅក្នុងប្រទេសហ្វីលីពីន

អន្តរជាតិ

ក្រុមហ៊ុនអចលនទ្រព្យ PNB Holdings ដែលគ្រប់គ្រងដោយធនាគារជាតិហ្វីលីពីន (Philippine National Bank) របស់មហាសេដ្ឋី Lucio Tan គ្រោងនឹងសាងសង់អគារខ្ពស់កប់ពពកមួយនៅ Metro Manila ដែលនឹងក្លាយជាអគារមានកំពស់ខ្ពស់ជាងគេទីពីរ នៅក្នុងប្រទេសហ្វីលីពីន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានរាយការណ៍ថា ក្រុមហ៊ុន PNB Holdings មានគម្រោងសាងសង់អគារដែលមានកម្ពស់រហូតដល់ ២៨០ ម៉ែត្រ នៅលើទីធ្លាចតរថយន្តទំហំ ៨ ០០០ ម៉ែត្រការ៉េ ក្នុងតំបន់ពាណិជ្ជកម្មកណ្តាល Makati នៃទីក្រុងម៉ានីល។

យ៉ាងណាមិញ បើនិយាយពីកម្ពស់វិញ អគារនេះនឹងក្លាយជាអគារមានកម្ពស់ខ្ពស់បំផុតទី២ បន្ទាប់ពីអគារ Metrobank Center ដែលមានកម្ពស់ ៣១៨ ម៉ែត្រ ហើយនឹងខ្ពស់ជាងអគារ The Estate Makati ដែលមានកម្ពស់ ២៧៦,៨ម៉ែត្រ ផងដែរ។ ខណៈអគារទាំងបីនេះ សុទ្ធសឹងស្ថិតនៅតំបន់ Metro Manila ដូចគ្នា។

ទន្ទឹមនឹងនេះ អ្នកវិភាគបានប៉ាន់ប្រមាណថា ការចំណាយលើការអភិវឌ្ឍអគារនេះ អាចឡើងដល់ ១២,៨ពាន់លានប៉េសូ (ប្រហែល ២០៥លានដុល្លារអាមេរិក) ទោះបីជាការវិនិយោគសរុបអាចនឹងកើនឡើងនៅពេលដែលការរចនាត្រូវបានបញ្ចប់ជាស្ថាពរក៏ដោយ។ នេះបើយោងតាមការលើកឡើងរបស់លោក Ponciano Carreon Jr. ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន PNB Holdings។

គួរជម្រាបជូនថា អគារពហុបំណងកម្ពស់ ៥៤ ជាន់របស់ PNB មួយនេះ នឹងរួមបញ្ចូលនូវការិយាល័យ អាផាតមិនស្នាក់នៅ មជ្ឈមណ្ឌលពាណិជ្ជកម្ម (ផ្សារទំនើប) និងសណ្ឋាគារលំដាប់ជាន់ខ្ពស់ ផងដែរ៕