លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបង្ហាញក្តីរំពឹងទុកថា ៨០ឆ្នាំខាងមុខ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងក្លាយជាដំណើរឆ្ពោះទៅរកឧត្តមភាព។លោកជំទាវថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស.) ដើម្បីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នារាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត សូមចូលរួមអបអរសាទរដោយក្តីមោទន នាឱកាសខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលជាគ្រឹះស្ថានមានប្រវត្តិដ៏យូរលង់ និងប្រកបដោយកិត្យានុភាព លើការបណ្តុះបណ្តាល អប់រំវេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី គិលានុបដ្ឋាក គិលានុបដ្ឋាយិកា និងធនធានមនុស្សផ្នែកសុខាភិបាលជាច្រើនជូនដល់ព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សាស្ត្រាចារ្យ វេជ្ជបណ្ឌិត បុគ្គលិក អតីតនិស្សិត និស្សិត និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមកសាង និងថែរក្សាកេរ្តិ៍ឈ្មោះរបស់ស្ថាប័នមួយនេះ ឱ្យក្លាយជាគ្រឹះស្ថានឧត្តមសិក្សាដែលបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាលដ៏សំខាន់មួយរបស់ជាតិ។

លោកជំទាវបណ្ឌិត បានបញ្ជាក់ផងដែរថា អតីតនិស្សិតជាច្រើនរូបដែលបានបញ្ចប់ការសិក្សានៅ ស.វ.ស. គឺបាននិងកំពុងបម្រើការងារនៅតាមមន្ទីរពេទ្យទូទាំងប្រទេស ស្ថាប័នរដ្ឋ បានចូលរួមជួយសង្គ្រោះ និងលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជារាប់លាននាក់ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា សុខភាពប្រជាជនគឺជាទ្រព្យធនដ៏សំខាន់មួយសម្រាប់ប្រទេសជាតិ។
ជាថ្មីម្តងទៀត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏សង្ឃឹមយ៉ាងមុតមាំថា នាពេល ៨០ឆ្នាំខាងមុខ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងក្លាយជាដំណើរឆ្ពោះទៅរកឧត្តមភាព នវនុវត្តន៍ ប្រកបទៅដោយក្តីមេត្តា ករុណា សុច្ចរិតភាព និងស្មារតីបម្រើជាតិយ៉ាងពិតប្រាកដ៕អត្ថបទ៖ហ្សាលីន

