កម្ពុជា គ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋ ៣០០លានដុល្លារ ជាផ្លូវការ នាខែមិថុនានេះ

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបោះផ្សាយលក់មូលបត្រដ្ឋជាផ្លូវការ នៅក្នុងខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ក្នុងទំហំទឹកប្រាក់ចំនួន៣០០លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ថ្លែងក្នុងកម្មវិធី «កិច្ចពិគ្រោះយោបល់ស្ដីពី ការស្ទាបស្ទង់ទីផ្សារអំពីតម្រូវការមូលបត្ររដ្ឋ» នាថ្ងៃទី៣១ ឧសភានេះ លោក ម៉ាង សុភារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្ដរជាតិ និងគ្រប់គ្រងបំណុល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមការងារបច្ចេកទេស រៀបចំក្របខណ្ឌគោលនយោបាយ ស្ដីពីការអភិវឌ្ឍមូលបត្ររដ្ឋ បានឲ្យដឹងថា មូលបត្រដ្ឋ នឹងត្រូវបោះផ្សាយជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២២នេះ។លោកថា សម្រាប់ថ្ងៃជាក់លាក់ នឹងត្រូវផ្សព្វផ្សាយលើគេហទំព័រ របស់ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គួរបញ្ជាក់ដែរថា គោលបំណងជំរុញការអភិវឌ្ឍមូលបត្ររដ្ឋ និងដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់ចំពោះមុខ រាជរដ្ឋាភិបាលបានអនុម័ត និងដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយបឋម ស្តីពី ការអភិវឌ្ឍមូលបត្ររដ្ឋ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។

ជាងនេះទៀត ក្របខណ្ឌគោលនយោបាយបឋមនេះ បានដាក់ចេញនូវវិធានការគោលនយោបាយ និងផែនការសកម្មភាពជាក់លាក់ ដើម្បីអនុវត្តជំហាននៃការបោះផ្សាយមូលបត្ររដ្ឋ ជាពិសេសផែនការសកម្មភាពបន្ទាន់ចំពោះមុខ និងរយៈពេលខ្លី សំដៅឈានទៅបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទីផ្សារជាលើកដំបូងបាននៅឆ្នាំ២០២២។នេះបើតាមការបញ្ជាក់បន្ថែមពី លោក ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទន្ទឹមនេះ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ ក៏បានអះអាងដែរថា រាជរដ្ឋាភិបាលក៏កំពុងបន្តរៀបចំផងដែរនូវ ក្របខណ្ឌគោលនយោបាយរួម ស្តីពី ការអភិវឌ្ឍមូលបត្ររដ្ឋ សំដៅកសាងឱ្យបាននូវប្រព័ន្ធគ្រប់គ្រងមួយដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ សម្រាប់ការបោះផ្សាយ និងជួញដូរមូលបត្ររដ្ឋថែមទៀត៕ អត្ថបទ៖ រង្សី