នៅក្នុងឱកាសចូលរួមវេទិកាអនាគតអាស៊ាន ឆ្នាំ២០២៦ និងកិច្ចប្រជុំតុមូលស្តីពីតួនាទីគណបក្សនយោបាយនៅអាស៊ីអាគ្នេយ៍ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ លោក ង្វៀន ដួន អាញ់ អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋធានីហាណូយ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។

នៅក្នុងជំនួបនោះ លោក ង្វៀន ដួន អាញ់ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ គឺជានិមិត្តរូបដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីមិត្តភាព សាមគ្គីភាព និងទំនុកចិត្តផ្នែកនយោបាយយ៉ាងរឹងមាំ រវាងបក្ស រដ្ឋ ស្ថាប័ននីតិប្បញ្ញត្តិ និងប្រជាជននៃប្រទេសទាំងពីរ។ បន្ថែមលើនេះ ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរកាន់តែមានលក្ខណៈជាក់ស្តែង និងសកម្មជាងមុន ក្នុងការចូលរួមអនុវត្តគោលនយោបាយដឹកនាំរបស់មេដឹកនាំកំពូលនៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក សួស យ៉ារ៉ា បានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកាអនាគតអាស៊ានឆ្នាំ២០២៦។ លោកបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានបង្ហាញឱ្យឃើញពីតួនាទីកាន់តែសំខាន់របស់ប្រទេសវៀតណាម ក្នុងការរួមចំណែកកសាងសហគមន៍អាស៊ាន ឆ្ពោះទៅរកតំបន់មួយដែលមានសន្តិភាព វិបុលភាព និងការអភិវឌ្ឍដោយយកប្រជាជនជាស្នូល។

ជំនួបពិភាក្សានេះ បានឆ្លុះបញ្ចាំងពីឆន្ទៈរួមក្នុងការថែរក្សាចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការសភារវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព។
ភាគីទាំងពីរបានបន្តផ្លាស់ប្តូរយោបល់លើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែសកម្ម និងជាក់ស្តែង ជាពិសេសលើការរៀបចំសកម្មភាពរួមគ្នាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ហើយនឹងបន្តសហការ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរសភានានា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមរួមនៃតំបន់ និងពិភពលោក។


