នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុនកម្ពុជាតេលា បានរៀបចំកម្មវិធីចែករង្វាន់ប្រាក់លានតេលាខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ា ឈុន វ៉ាន់ឌី អគ្គនាយករងក្រុមហ៊ុនកម្ពុជាតេលា និងមានការចូលរួមពីតំណាងធនាគារ ABA គឺលោកស្រី ហួត ចាន់ធីតា នាយិកាសេវាធនាគារសាជីវកម្ម ព្រមទាំងម្ចាស់រង្វាន់ អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនរូប។

កម្មវិធីដ៏ពិសេសនេះរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់អតិថិជនទាំងអស់ ក្នុងកម្មវិធី «ឱកាសឈ្នះរង្វាន់ប្រាក់លាន» រវាងតេលាខ្មែរ និងធនាគារ ABA ដែលមានទឹកប្រាក់រង្វាន់សរុបរហូតដល់ ៥០០លានរៀល។ កម្មវិធីនេះបានចាប់ផ្តើមតាំងពីខែកក្កដា និងបានបញ្ចប់ដោយជោគជ័យនៅក្នុងខែកញ្ញាកន្លងទៅនេះ ដោយមានអតិថិជនមានសំណាងឈ្នះរង្វាន់សរុបចំនួន ៩០៣រូប។ សម្រាប់ថ្ងៃនេះ ក្រុមហ៊ុនបានធ្វើការប្រគល់រង្វាន់ធំជូនដល់ម្ចាស់ជ័យលាភីចំនួន ៣រូប រួមមាន រង្វាន់ធំទី១ ទឹកប្រាក់ ១០០លានរៀល, រង្វាន់ធំទី២ ទឹកប្រាក់ ៣០លានរៀល និងរង្វាន់ធំទី៣ ទឹកប្រាក់ ១០លានរៀល។
ក្នុងឱកាសនោះ លោកឧកញ៉ា ឈុន វ៉ាន់ឌី អគ្គនាយករងក្រុមហ៊ុនកម្ពុជាតេលា បានមានប្រសាសន៍ថា «ក្រុមហ៊ុនកម្ពុជាតេលា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ផ្តល់ជូននូវផលិតផលប្រេងឥន្ធនៈមានគុណភាពខ្ពស់ និងសេវាកម្មល្អបំផុតជូនដល់គ្រប់អតិថិជនទាំងអស់»។

លោកឧកញ៉ាអគ្គនាយករង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសហការយ៉ាងជិតស្និទ្ធរវាងក្រុមហ៊ុនកម្ពុជាតេលា និងធនាគារ ABA ក្នុងការបង្កើតឱ្យមានកម្មវិធី «ឱកាសឈ្នះរង្វាន់ប្រាក់លាន» ប្រកបដោយភាពរលូន និងផ្តល់នូវស្នាមញញឹមជូនអតិថិជន ព្រមទាំងសង្ឃឹមយ៉ាងមុតមាំថា ប្រាក់រង្វាន់ទាំងនេះនឹងអាចចូលរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ និងបង្កើតឱកាសថ្មីៗសម្រាប់អតិថិជនផងដែរ។

















