ផ្អែកលើទិន្នន័យជាក់ស្តែងពីកិច្ចប្រជុំនីមួយៗ នាពេលខាងមុខ ធនាគារកណ្តាលអាមេរិក ហៅកាត់ Fed ទំនងជានឹងដំឡើងអត្រាការប្រាក់មួយលើកទៀតមុនដាច់ឆ្នាំ២០២៦ នេះ។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញកំណត់ហេតុនៃកិច្ចប្រជុំកាលពីខែកញ្ញា ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី៧ ខែតុលា បានបង្ហាញថា មន្ត្រីធនាគារកណ្តាលអាមេរិក (Fed) រំពឹងថានឹងដំឡើងអត្រាការប្រាក់ម្តងទៀតនៅឆ្នាំនេះ ដើម្បីទប់ស្កាត់អតិផរណា។ តែទោះជាយ៉ាងណាក៏ដោយ ឯកសារនេះមិនបានបញ្ជាក់ច្បាស់ពីពេលវេលាដែលមន្ត្រីប្រជុំសម្រេចធ្វើនោះទេ។ សម្រាប់ឆ្នាំនេះ Fed នៅមានកិច្ចប្រជុំផ្សេងទៀតដែលបានគ្រោងទុកនៅចុងខែតុលា និងដើមខែធ្នូខាងមុខ។
យ៉ាងណាមិញ បន្ទាប់ពីកិច្ចប្រជុំកាលពីខែកញ្ញាកន្លងទៅនេះ មតិម៉ឺងម៉ាត់របស់ប្រធាន Fed លោក Kevin Warsh ពាក់ព័ន្ធនឹងអតិផរណា បានធ្វើឱ្យទីផ្សារចាប់ផ្តើមដាក់ការភ្នាល់ថា Fed អាចនឹងដំឡើងអត្រាការប្រាក់នៅចុងខែតុលាខាងមុខនេះ។ ប៉ុន្តែទិន្នន័យអតិផរណានាពេលថ្មីៗនេះ និងសេចក្តីថ្លែងការណ៍ពីមន្ត្រីកំពូលៗរបស់ស្ថាប័ន Fed បានបង្ហាញថា លទ្ធភាពនៃការដំឡើងអត្រាការប្រាក់នេះ គឺហាក់មានកម្រិតទាបខ្លាំង។
គួរជម្រាបជូនផងដែរថា ការសម្រេចចិត្តរបស់ Fed ក្នុងការដំឡើងអត្រាការប្រាក់គោល ២៥ពិន្ទូ ឬ (០,២៥%) កាលពីខែមុន ទទួលបានការគាំទ្រយ៉ាងទូលំទូលាយ ទោះបីជាមានការស្ទាក់ស្ទើរកាលពីដំបូងពីសំណាក់មន្ត្រីសំខាន់ៗមួយចំនួនក៏ដោយ៕

