អាមេរិក ប្រកាសថាអ៉ីរ៉ង់បាត់បង់ការគ្រប់គ្រងលើច្រកសមុទ្រ Hormuz ទាំងស្រុងហើយ

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបង្ហាញការជឿជាក់ថា អ៊ីរ៉ង់បានបាត់បង់ការគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រ Hormuz ហើយ ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Marco Rubio បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រុងអាថែន ប្រទេសក្រិក កាលពីថ្ងៃទី៧ ខែតុលា ថា៖ “ច្រកសមុទ្រ Hormuz នៅតែបើកចំហ ហើយបរិមាណប្រេងដែលឆ្លងកាត់ទីនោះឥឡូវនេះគឺស្ទើរតែស្មើនឹងកម្រិតមុនពេលមានជម្លោះ។ ដូច្នេះ អ៊ីរ៉ង់បានបាត់បង់ការគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រនេះហើយ”។

មិនតែប៉ុណ្ណោះរដ្ឋមន្ត្រីដដែលនេះ បានអះអាងទៀតថា វិធានការទណ្ឌកម្មរបស់អាមេរិកកំពុងធ្វើឱ្យសេដ្ឋកិច្ចអ៊ីរ៉ង់ធ្លាក់ចុះយ៉ាងខ្លាំង និងមិនអាចគ្រប់គ្រងតទៀតបាន ដែលជិតឈានដល់ស្ថានភាពមួយដែលប្រទេសតិចតួចបំផុតក្នុងលោកធ្លាប់បានជួបប្រទះ។

ទន្ទឹមនឹងនេះ លោក Abdolnaser Hemmati អភិបាលធនាគារកណ្តាលអ៊ីរ៉ង់ (CBI) ក៏បានទទួលស្គាល់ថា អតិផរណាគឺជាបញ្ហាដ៏ប្រឈមដ៏ធំមួយ ប៉ុន្តែបានអះអាងថា សេដ្ឋកិច្ចអ៊ីរ៉ង់មិនបានដួលរលំដូចការទស្សន៍ទាយរបស់មន្ត្រីអាមេរិករូបនេះនោះទេ។

ជម្រាបជូនថា កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃទី៧ ខែតុលា ថា មានតែកប៉ាល់ដឹកទំនិញមួយចំនួនតូចប៉ុណ្ណោះដែលសុខចិត្តធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ កប៉ាល់ខ្លះដឹកប្រេងឆៅទៅកាន់ដែនទឹកក្បែរ Fujairah ក្នុងឈូងសមុទ្រអូម៉ង់ ជាកន្លែងដែលទំនិញត្រូវបានផ្ទេរទៅកាន់កប៉ាល់តូចៗដើម្បីដឹកជញ្ជូនបន្ត៕​