ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Amazon បាននិយាយថា ខ្លួនបានរារាំងជនជាតិកូរ៉េខាងជើងជាង ១ ៨០០ នាក់ពីការចូលរួមជាមួយក្រុមហ៊ុន ខណៈដែលទីក្រុងព្យុងយ៉ាងបានបញ្ជូនបុគ្គលិកផ្នែកព័ត៌មានវិទ្យាមួយចំនួនធំទៅក្រៅប្រទេសដើម្បីស្វែងរកប្រាក់ចំណូល និងលាងលុយកខ្វក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

នៅក្នុងការបង្ហោះសារមួយនៅលើបណ្តាញសង្គម LinkedIn លោក Stephen Schmidt ប្រធានផ្នែកសន្តិសុខរបស់ក្រុមហ៊ុន Amazon បាននិយាយកាលពីសប្តាហ៍មុនថា កម្មករកូរ៉េខាងជើងបាន ព្យាយាមស្វែងរកការងារផ្នែកព័ត៌មានវិទ្យាពីចម្ងាយជាមួយក្រុមហ៊ុននានាទូទាំងពិភពលោក ជាពិសេសនៅសហរដ្ឋអាមេរិក។
លោក Stephen បានបន្តទៀតថា នៅក្នុនងនោះ Amazon បានមើលឃើញពីការកើនឡើងជិតមួយភាគបីនៃការដាក់ពាក្យសុំការងារ ដោយជនជាតិកូរ៉េខាងត្បូង នៅរយៈពេលមួយឆ្នាំចុងក្រោយនេះ។
មិនតែប៉ុណ្ណោះ ប្រធានផ្នែកសន្តិសុខរូបនេះ បានបង្ហាញឲ្យដឹងថា ភាគច្រើននៃអត្តសញ្ញាណកម្មករកូរ៉េខាងជើង ដែលបានដាក់ពាក្យសុំចូលរួមជាមួយក្រុមហ៊ុន រួមមានលេខទូរស័ព្ទដែលមានទម្រង់ខុស និងលិខិតបញ្ជាក់ការសិក្សាមិនច្បាស់លាស់។
ជម្រាបជូនផងដែរថា កាលពីខែកក្កដា ស្ត្រីម្នាក់នៅរដ្ឋអារីហ្សូណាត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាងប្រាំបីឆ្នាំ ពីបទដំណើរការកសិដ្ឋានកុំព្យូទ័រយួរដៃមួយ ដែលជួយបុគ្គលិកផ្នែកព័ត៌មានវិទ្យារបស់កូរ៉េខាងជើង ទទួលធ្វើការងារពីចម្ងាយនៅក្រុមហ៊ុនអាមេរិក ប្រមាណជាង ៣០០ នាក់៕

