អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ ការពារខ្សែព្រំដែនមិនកែប្រែ និងបន្តទាមទារទឹកដីតាមផ្លូវច្បាប់អន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ឡើងវិញនូវជំហរម៉ឺងម៉ាត់ និងដាច់ខាតរបស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយគូសបញ្ជាក់ច្បាស់ៗជាថ្មីម្តងទៀតនូវប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា កម្ពុជាមិនដែលចង់បានសង្គ្រាមទេ ប៉ុន្តែត្រូវតែការពារសិទ្ធិសេរីភាព កិត្តិយស និងអធិបតេយ្យភាពជាតិ។ កម្ពុជាមិនបានចុះហត្ថលេខាប្រគល់ដីឱ្យប្រទេសណាឡើយ ហើយនៅតែបន្តទាមទារទឹកដីមកវិញឱ្យទាល់តែបានដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានច្រានចោលការចោទប្រកាន់មួលបង្កាច់ និងបំភ្លៃពីសំណាក់មជ្ឈដ្ឋានជ្រុលនិយមមួយចំនួនពីក្រៅប្រទេស ដោយបានរម្លឹកនូវចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកបញ្ជាក់ថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះឡើយ។ ការវាស់វែង និងកំណត់ខ្សែព្រំដែន គឺត្រូវប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនអនុវត្តស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដែលជាមរតកនៃអាណានិគមបារាំង (អនុសញ្ញា និងសន្ធិសញ្ញា) ពោលមិនមែនជាបទឈប់បាញ់ដើម្បីកាត់ដីដូចការចោទប្រកាន់ឡើយ។

ឯកឧត្ដម ប៉ែន បូណា បានសង្កត់ធ្ងន់ថា កម្ពុជាបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់គ្រប់ពេលវេលាក្នុងការគោរពគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ដោយមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនដែលកើតចេញពីការប្រើកម្លាំង ហើយតែងតែធ្វើកំណត់ទូតតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់កងកម្លាំងថៃ។

ទន្ទឹមនឹងនោះ កម្ពុជាក៏គោរពយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី (ប្រធានប្តូរវេនអាស៊ាន) ធ្វើជាសាក្សី ខណៈព្រឹត្តិការណ៍ឈ្លានពាន និងការបង្កហេតុមុនដោយទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតែជាការពិតជាក់ស្តែង៕