ឯកឧត្ដម ប៉ែន បូណា៖ រាជរដ្ឋាភិបាលជួយជួសជុលផ្ទះ បោសសម្អាតមីន និងសង់ជម្រក ៥ពាន់ខ្នងជូនជនភៀសសឹក

សង្គម​ និង​សេដ្ឋកិច្ច

ការប្រើកម្លាំងដណ្តើមកាន់កាប់ទឹកដីកម្ពុជាមួយចំនួននៅតាមព្រំដែនដោយបំពានច្បាប់អន្តរជាតិពីសំណាក់ភាគីថៃ បានបង្កឱ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់ប្រមាណ ៧០ម៉ឺននាក់ ត្រូវចាកចេញពីផ្ទះសម្បែង។ នេះបើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ រហូតមកទល់ពេលនេះ នៅសល់ជនភៀសសឹកជាង ២ម៉ឺននាក់ទៀត មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាននៅឡើយ ដោយសារការរារាំងដោយទូកុងតឺន័រ បន្លាលួស និងការបំផ្លិចបំផ្លាញផ្ទះសម្បែងពីសំណាក់កងកម្លាំងថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះមុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការការពារ និងជួយសង្គ្រោះពលរដ្ឋជាអាទិភាពចម្បងបំផុត ដោយបានដាក់ចេញនូវវិធានការសង្គ្រោះ និងផ្ដល់ជំនួយយ៉ាងទូលំទូលាយដោយបែងចែកជាពីរក្រុម៖ ១. សម្រាប់ពលរដ្ឋដែលអាចវិលត្រឡប់ទៅផ្ទះវិញបាន  រាជរដ្ឋាភិបាលបានជួយផ្ដល់ថវិកាសម្រាប់ជួសជុលផ្ទះសម្បែងឡើងវិញទៅតាមកម្រិតនៃការខូចខាត ព្រមទាំងចាត់វិធានការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យបានស្អាត ដើម្បីធានាសុវត្ថិភាពខ្ពស់ជូនពួកគាត់។ ២. សម្រាប់ពលរដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាន  រាជរដ្ឋាភិបាលបានរៀបចំសាងសង់ផ្ទះបណ្ដោះអាសន្នចំនួនប្រមាណ ៥ពាន់ខ្នង ដោយមានតភ្ជាប់បណ្ដាញអគ្គិសនី ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ព្រមទាំងផ្តល់ថវិកាឧបត្ថម្ភសម្រាប់គ្រួសារនីមួយៗបន្ថែមទៀត។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា ទាំងនេះគឺជាហេតុការណ៍ពិត និងសកម្មភាពជាក់ស្តែងដែលកំពុងកើតមាននៅតាមព្រំដែនកម្ពុជា-ថៃ ដែលបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស តំណាងអង្គការអន្តរជាតិ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកសិទ្ធិមនុស្ស និងអ្នកសង្កេតការណ៍អាស៊ាន បានចុះពិនិត្យ និងឃើញផ្ទាល់នឹងភ្នែក ដែលគ្មានភាគីណាអាចបំភ្លៃការពិតបានឡើយ៕