ក្រុមហ៊ុនអាកាសចរណ៍មួយលំដាប់អន្តរជាតិ របស់អេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាបង្កើនជើងហោះហើរមកកម្ពុជាឱ្យកាន់តែច្រើន

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនអាកាសចរណ៍ Emirates ជាក្រុមហ៊ុនធំលំដាប់អន្តរជាតិ បានប្តេជ្ញាកិច្ចសហប្រតិបត្តិការ​ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្តខិតខំពិនិត្យលទ្ធភាពបង្កើនជើងហោះហើរមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង លោក ប្រាក់ ផល្លា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។

នៅក្នុងជំនួបនោះ លោក ប្រាក់ ផល្លា បានថ្លែងអំណរគុណដល់​ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលមានបំណង​បង្កើតកិច្ចសហប្រតិបត្តិការ​ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) ព្រមទាំងបានវាយតម្លៃខ្ពស់លើការចូលរួមរបស់ Emirates ដើម្បីពង្រឹង និងពង្រីកការតភ្ជាប់កម្ពុជាជាមួយនិងពិភពលោក តាមជើងហោះហើរ ភ្នំពេញ-ឌូបៃ (តាមរយៈសិង្ហបុរី) និង សៀមរាប-ឌូបៃ (តាមរយៈបាំងកក)។

ទន្ទឹមនោះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានប្តេជ្ញាចូលរួមគាំទ្រក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបន្តខិតខំពិនិត្យលទ្ធភាពបង្កើនជើងហោះហើរមកកម្ពុជាឱ្យកាន់តែច្រើន។ លោក Mohammed Al Qassim ក៏សង្ឃឹមថា Emirates នឹងបន្តចូលរួមចំណែក ក្នុងការលើកកម្ពស់ វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការផ្សព្វផ្សាយអំពី តំបន់ទេសចរណ៍ ដ៏ទាក់ទាញនៅកម្ពុជាឱ្យកាន់តែទូលំលាយ។

គួរបញ្ជាក់ថា ក្រោមកិច្ចសហការ និងការជំរុញបើកចំហជើងមេឃកម្ពុជា ក្នុងការទទួលយកភ្ញៀវជាតិ អន្តរជាតិ និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែសកម្ម និងប្រទាក់ក្រឡាជាមួយចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបន្តពង្រីក និងលើកកម្ពស់បន្ថែមជើងហោះហើរត្រង់មកកម្ពុជា។

ក្រុមហ៊ុនអាកាសចរណ៍ Emirate Airlines (EK) មានជើងហោះហើរ រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយឆ្លងកាត់ប្រទេសសិង្ហបុរី ជារៀងរាល់ថ្ងៃ លើដំណាក់ផ្លូវពីទីក្រុង ឌូបៃ-សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី-ឌូបៃ ចំនួន ៧ជើង ក្នុង១សប្តាហ៍ ដែលបានចាប់ផ្តើមហោះហើរតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤មកម្ល៉េះ។ កាលពីខែមិថុនា កន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ក៏មានជើងហោះហើរពីទីក្រុង ឌូបៃ មកកាន់ខេត្ត សៀមរាបផងដែរ៕