ក្រុមហ៊ុនផ្សារទំនើបអ៊ីអន ច្រានចោលព័ត៌មានដែលថា ផ្សារទំនើបអ៊ីអនទី៤ នឹងសាងសង់នៅលើទឹកដីខណ្ឌកំបូល

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនផ្សារទំនើបអ៉ីអននៅកម្ពុជា បានចេញមកបញ្ជាក់ថា ក្រុមហ៊ុនរបស់ខ្លួនមិនទាន់មាន​គម្រោង​​សាងសង់សាខាទី៤នៅកម្ពុជានៅឡើយនោះទេ ខណៈក្រុមហ៊ុននេះ ក៏បានចា្រនចោលព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងការបើកដំណើរការគម្រោងថ្មី ផ្សារទំនើបអ៊ីអនទី៤ នៅលើទឹកដីខណ្ឌកំបូលផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីការច្រានចោលព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងការបើកដំណើរការគម្រោងថ្មី AEON MALL (AEON MALL 4) និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមក្លែងក្លាយ ពាក់ព័ន្ធនឹងអាជីវកម្មរបស់ AEON MALL នៅកម្ពុជា ដែលផ្សាយចេញកាលពេលថ្មីៗនេះ។

សេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី សូមជម្រាបជូនសាធារណជនទាំងអស់អំពីព័ត៌មានចចាមអារ៉ាមថ្មីៗ ទាក់ទងនឹងការបើកដំណើរការគម្រោងផ្សារទំនើបអ៊ីអនថ្មី ជាពិសេស អ៊ីអនម៉លទី៤ នៅកម្ពុជា។  បន្ថែមពីលើនេះ ក៏មានគណនីបណ្តាញសង្គមក្លែងក្លាយ ដែលអះអាងថា ជាតំណាងផ្សារទំនើបអ៊ីអនរបស់យើង។

ប្រភពដដែលបានបន្តថា៖« យើងខ្ញុំសូមបញ្ជាក់ថា ក្រុមហ៊ុនរបស់យើងមិនមានទំនាក់ទំនងជាមួយនឹងព័ត៌មាននៃការបើកដំណើរការផ្សារទំនើប AEON MALL 4 ឬគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគ្មានការអនុញ្ញាតណាមួយដែលអះអាងថាតំណាងឱ្យពួកយើងឡើយ។ យើងប្តេជ្ញារក្សាតម្លាភាព និងភាពជឿជាក់ជាមួយអតិថិជន និងសហគមន៍របស់យើង ដោយផ្តល់ព័ត៌មានត្រឹមត្រូវ និងផ្ទៀងផ្ទាត់តាមរយៈវេទិកាទំនាក់ទំនងផ្លូវការរបស់យើង។ ការប្រកាសជាផ្លូវការណាមួយទាក់ទងនឹងអាជីវកម្មរបស់យើងនឹងធ្វើឡើងតាមរយៈវេទិកាទំនាក់ទំនងផ្លូវការរបស់យើង»។

សូមរម្លឹកថា ការចេញមកបញ្ជាក់របស់ក្រុមហ៊ុនផ្សារទំនើបអ៉ីអននៅកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វ​ផ្សាយយ៉ាងផុលផុសទាំងលើបណ្តាញសង្គម និងបណ្តាញព័ត៌មាននានាថា ក្រុមហ៊ុនផ្សារទំនើបអ៉ីអន គ្រោងសាងសង់ផ្សារសាខាទី៤នៅលើទឹកដីខណ្ឌកំបូល។

សូមបញ្ជាក់ដែរថា ក្រុម​ហ៊ុនផ្សារទំនើបអ៉ីអនកម្ពុជា ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផ្សារទំនើបអ៉ីអន ដែលបង្កើតឡើងកាល​ពី​ឆ្នាំ១៩១១ ក្នុងទីក្រុង Chiba ប្រទេសជប៉ុន។នាយកគ្រប់គ្រងផ្សារទំនើប AEON Mall លោក TSUBOYA MASAYUKI ធ្លាប់បានឱ្យដឹងថា ក្រុម​ហ៊ុន បានបណ្តាក់ទុនប្រមាណ ៧០៦លានដុល្លារ ដើម្បីសាងសង់ផ្សារទំនើបចំនួន៣សាខា នៅប្រទេសកម្ពុជា។

ជាក់ស្តែង មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផ្សារទំនើបអ៊ីអន បានសាងសង់ផ្សារចំនួន៣សាខាហើយនៅលើទឹកដីកម្ពុជា។ សាខាទី១ ស្ថិតនៅលើវិថីសម្តេចសុធារស ក្នុងភូមិសាស្រ្តខណ្ឌចំការមន, សាខាពី២ ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និងសាខាទី៣ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ៦០ម៉ែត្រ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ៕ អត្ថបទ៖ រង្សី