វិទ្យាស្ថានជាតិការងារ សហការជាមួយអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក.) បានរៀបចំវេទិកាកិច្ចសន្ទនាថ្នាក់ជាតិ ស្តីពី «កាលានុវត្តភាពទីផ្សារការងារ និងការលើកកម្ពស់សិទ្ធិ និងសុខសុវត្ថិភាពការងារចំពោះកម្មករនិយោជិតនៅកម្ពុជា» នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្រោមអធិបតីភាព លោក ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីតំណាងសង្គមស៊ីវិល សហជីព និយោជក និងដៃគូអភិវឌ្ឍន៍ជាង ២០០នាក់។

វេទិកានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចការងារ, ពង្រឹងការអនុវត្តច្បាប់, ផ្សព្វផ្សាយសេវា និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), លើកកម្ពស់សុខភាព-សុវត្ថិភាពការងារ ព្រមទាំងផ្ដល់ឱកាសឱ្យគ្រប់ភាគីពាក់ព័ន្ធពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីបង្កើនការងារសមរម្យ និងសុខុមាលភាពជូនកម្មករនិយោជិត។

ថ្លែងក្នុងពិធីបើក លោក ងុយ រិទ្ធ បានគូសបញ្ជាក់ថា ក្រសួងបន្តប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព ស្របតាមអនុសាសន៍គន្លឹះទាំង ១០ ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយផ្តោតលើស្ថិរភាពទីផ្សារការងារ ការបង្កើនការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធ ការគ្រប់គ្រងពលករវិលត្រឡប់ និងទាក់ទាញការវិនិយោគ។ បន្ថែមលើនេះ ក្រសួងបានពង្រីករបប ប.ស.ស. ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យគោលដៅ ១,៥ លាននាក់ និងជំនាញឌីជីថល ដើម្បីភ្ជាប់ជាមួយតម្រូវការវិស័យឯកជន។
ជាមួយគ្នានេះ លោក ងុយ រិទ្ធ បានបង្ហាញការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហការជាមួយអង្គការ គ.ស.ក. និងដៃគូអភិវឌ្ឍន៍ ដើម្បីកសាងទីផ្សារការងារប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព ខណៈលោកស្រី លុយ ធារី នាយិកាប្រតិបត្តិស្តីទី អង្គការ គ.ស.ក. ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃភាពជាដៃគូក្នុងការលើកកម្ពស់សិទ្ធិ ពង្រឹងច្បាប់ការងារ និងសុវត្ថិភាពនៅកន្លែងធ្វើការឱ្យកាន់តែរឹងមាំ៕




