ក្រសួងឧស្សាហកម្ម ជំរុញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាជប៉ុនក្នុងវិស័យទឹកស្អាតរបស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ហែម វណ្ណឌី បានលើកឡើងថា ទឹកស្អាតជាអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសហគមន៍ ខណៈលោកក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុនបង្កើនការវិនិយោគ និងនាំយកបច្ចេកវិទ្យាមកកម្ពុជា ជាពិសេសដើម្បីគាំទ្រប្រតិបត្តិករទឹកស្អាតឯកជន និងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ថ្មីៗបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួជាមួយគណៈប្រតិភូទីក្រុងគីតាឃ៊្យូស៊ូ ប្រទេសជប៉ុន ដឹកនាំដោយលោក Keisuke Tachi អភិបាលរងក្រុង កាលពីថ្ងៃទី៧ ខែតុលា លោក ហែម វណ្ណឌី បានបញ្ជាក់ថា៖ “យើងស្វាគមន៍ការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាពីក្រុមហ៊ុនជប៉ុន។ យើងត្រូវការដំណោះស្រាយជាក់ស្តែង ដែលអាចធានាបានទាំងនិរន្តរភាពអាជីវកម្ម និងតម្រូវការរបស់សហគមន៍ ដើម្បីពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព និងថ្លៃសមរម្យ។”
 
លោកក៏បានលើកឡើងពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តកម្មទឹកស្អាតខ្នាតធំ និងបានផ្តល់បច្ចុប្បន្នភាពអំពីដំណើរការបង្កើតនិយ័តករទឹកស្អាត ដើម្បីពង្រឹងអភិបាលកិច្ច និងគាំទ្រការអភិវឌ្ឍវិស័យនេះ។

ជាការឆ្លើយតប លោក Keisuke TACHI បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងគីតាឃ៊្យូស៊ូ និងកម្ពុជា បានឈានដល់ឆ្នាំទី២៥ឆ្នាំ ហើយទីក្រុងគីតាឃ៊្យូស៊ូ នឹងបន្តជំរុញក្រុមហ៊ុនជប៉ុនឱ្យស្វែងរកឱកាសវិនិយោគបន្ថែមនៅកម្ពុជា។
លោកបានបន្តថា៖ “យើងនឹងនាំយកអាទិភាពរបស់ក្រសួងក្នុងវិស័យទឹកស្អាត ទៅពិភាក្សាជាមួយក្រុមហ៊ុននៅទីក្រុងគីតាឃ៊្យូស៊ូ និងស្វែងរកឱកាសបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការ និងការវិនិយោគ ទាំងក្នុងវិស័យទឹកស្អាត និងទឹកកខ្វក់។”