កម្ពុជា កំពុងបង្ហាញសក្តានុពលនៃការធ្វើទំនើបកម្មវិស័យភស្តុភារកម្ម និងកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន ក្នុងសន្និសីទស្តីពី «ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យភស្តុភារកម្ម»។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)ក្នុងសន្និសីទស្តីពី «ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យភស្តុភារកម្ម» ក្រោមកិច្ចសហការរៀបចំដោយ ក.អ.ក. EuroCham និងគណៈកម្មាធិការដឹកជញ្ជូន និងភស្តុភារកម្ម កាលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

សន្និសីទនេះ មានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីសំណាក់សមភាគីក្នុងតំបន់រួមមាន EuroCham ប្រចាំនៅប្រទេសវៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសឡាវ, ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន (EU-ABC), សមាជិកនៃគណៈកម្មាធិការដឹកជញ្ជូននិងភស្តុភារកម្ម ព្រមទាំងសមាជិកនៃគណៈកម្មាធិការពាក់ព័ន្ធផ្សេងទៀតផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា សន្និសីទដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជាយុទ្ធសាស្ត្រចំនួន ៤ រួមមាន៖១. បង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានតាមរយៈការសម្របសម្រួលនៃឯកសារទស្សនាទានគោលនយោបាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS Policy Paper)។២. រំលេចនូវភាពជោគជ័យនៃគម្រូកិច្ចសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការអភិវឌ្ឍនិងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាភស្តុភារកម្មរបស់កម្ពុជា។៣. បង្ហាញជូនសមភាគីក្នុងតំបន់អំពីការធ្វើទំនើបកម្ម និងកំណែទម្រង់ស៊ីជម្រៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា។និង៤. ពង្រឹងភាពប្រកួតប្រជែង តាមរយៈការបង្កើនការយល់ដឹង និងភាពលេចធ្លោរបស់កម្ពុជាក្នុងនាមជា «មជ្ឈមណ្ឌលភស្តុភារកម្ម និងពាណិជ្ជកម្ម» ប្រកបដោយសក្តានុពលក្នុងតំបន់។

លើសពីគោលបំណងដូចដែលបានរៀបរាប់ខាងលើ សន្នីសីទក៏បានដាក់ចេញនូវទិសដៅមួយចំនួនទៀតសម្រាប់កម្ពុជា សំដៅធ្វើឱ្យក្លាយទៅជាទីផ្សារដែលមានទស្សនវិស័យវែងឆ្ងាយ និងកំពុងធ្វើកំណែទម្រង់យ៉ាងសកម្ម ព្រមទាំងធ្វើទំនើបកម្មក្របខណ្ឌភស្តុភារកម្មរបស់ខ្លួនផងដែរ។
ភាគីពាក់ព័ន្ធ រំពឹងថា តាមរយៈសន្និសីទនេះនឹងក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការបង្កើនភាពលេចធ្លោក្នុងតំបន់អំពីវឌ្ឍនភាពនៃវិស័យភស្តុភារកម្មរបស់កម្ពុជា ពង្រឹងទំនុកចិត្តក្នុងចំណោមវិនិយោគិន និងដៃគូពាណិជ្ជកម្ម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានភាពធន់ក្នុងបរិបទសកលភាវូបនីយកម្ម៕ អត្ថបទ៖ហ្សាលីន

