លោក Masayoshi Son ដែលជានាយកប្រតិបត្តិក្រុមហ៊ុន SoftBank Group កំពុងស្វែងរកការកៀរគរទុនរហូតដល់ ១០០ពាន់លានដុល្លារ ពីវិនិយោគិននៅតំបន់ឈូងសមុទ្រ (Gulf investors) ដើម្បីបង្កើតមូលនិធិជំរុញការវិនិយោគលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជំនាន់ថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times ។

លោក Son ត្រូវបានរាយការណ៍ថាបានជួបពិភាក្សាក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះជាមួយបុគ្គលសំខាន់ៗ រួមទាំងនៅអារ៉ាប់រួម (UAE) ផងដែរ អំពីលទ្ធភាពនៃការកៀរគរទុនដ៏ច្រើនសន្ធឹកមួយនេះ។
យ៉ាងណាមិញ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីលោក Son បានបង្កើនការវិនិយោគយ៉ាងខ្លាំងលើ AI ដោយក្រុមហ៊ុនបានប្រកាសកាលពីសប្ដាហ៍មុនថា ខ្លួនទើបតែបានបញ្ចប់ការវិនិយោគចំនួន ៣០ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន OpenAI ដែលជាផ្នែកមួយនៃការកៀរគរទុនចុងក្រោយរបស់ក្រុមហ៊ុនបង្កើត ChatGPT មួយនេះ។
លើសពីនេះ ក្រុមហ៊ុន SoftBank ក៏បានកៀរគរទុនចំនួន ១១,១ពាន់លានដុល្លារ កាលពីខែមុនផងដែរ តាមរយៈការលក់ប័ណ្ណបំណុលសាជីវកម្មដែលមានអត្រាការប្រាក់ខ្ពស់ (high-yield corporate bond) ធំជាងគេបំផុតនៅលើពិភពលោក ដើម្បីយកមកទ្រទ្រង់ការវិនិយោគដ៏ធំសម្បើមរបស់ខ្លួនលើ OpenAI៕

