CAMBODIA SPORT+ ឧបត្ថម្ភគាំទ្រក្លឹបបាល់ទះក្រសួងមហាផ្ទៃរយៈពេល ៥ ឆ្នាំ ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងបន្តជំរុញភាពរីកចម្រើននៃវិស័យបាល់ទះកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច


(ភ្នំពេញ)៖ CAMBODIA SPORT+ បន្តបោះជំហានថ្មីក្នុងការគាំទ្រវិស័យកីឡានៅកម្ពុជា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នារយៈពេល ៥ ឆ្នាំជាមួយក្លឹបបាល់ទះក្រសួងមហាផ្ទៃ ដើម្បីគាំទ្រការអភិវឌ្ឍក្លឹប ពង្រឹងការហ្វឹកហាត់ និងបង្កើតឱកាសឱ្យកីឡាករជំនាន់ថ្មីបានអភិវឌ្ឍសមត្ថភាព និងបង្ហាញទេពកោសល្យលើព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។ ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ប៊ុន ឈុនគីម ប្រធានប្រតិភូសមាគមបាល់ទះក្រសួងមហាផ្ទៃ និងលោកអគ្គនាយកបន្តវេនអ៊ឹងវីរៈនៃក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចសហការរយៈពេល ៥ ឆ្នាំនេះ គឺជាជំហានថ្មីមួយរបស់ CAMBODIA SPORT+ ដែលផ្តោតសំខាន់លើការគាំទ្រផែនការអភិវឌ្ឍរបស់ក្លឹបបាល់ទះក្រសួងមហាផ្ទៃ ពង្រឹងគុណភាពនៃការហ្វឹកហាត់ និងបង្កើនឱកាសប្រកួតប្រជែងសម្រាប់កីឡាករ។ ការគាំទ្ររយៈពេលវែងនេះ នឹងរួមចំណែកជួយឱ្យក្លឹបមានមូលដ្ឋានកាន់តែរឹងមាំ និងបណ្តុះកីឡាករដែលមានសមត្ថភាពសម្រាប់អនាគតវិស័យបាល់ទះកម្ពុជា។

 កន្លងមក CAMBODIA SPORT+ បានចូលរួមគាំទ្រវិស័យកីឡាជាបន្តបន្ទាប់ ទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ រួមមានកីឡាបាល់ទះ កីឡារត់ប្រណាំង និងកីឡា Kickboxing ដោយផ្តោតលើការបង្កើតឱកាសឱ្យកីឡាករខ្មែរបានប្រកួតប្រជែង ដកស្រង់បទពិសោធន៍ និងអភិវឌ្ឍសមត្ថភាព។

តាមរយៈកិច្ចសហការថ្មីនេះ CAMBODIA SPORT+ សង្ឃឹមថា នឹងអាចបន្តរួមចំណែកជាមួយក្លឹបបាល់ទះក្រសួងមហាផ្ទៃ ក្នុងការបណ្តុះធនធានកីឡាករជំនាន់ក្រោយ ជំរុញការចូលរួមលេងកីឡារបស់យុវជន និងបង្កើតមូលដ្ឋានសម្រាប់កីឡាករខ្មែរឈានទៅសម្រេចសមិទ្ធផលថ្មីៗ ដើម្បីលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ។

CAMBODIA SPORTS សហការជាមួយក្លឹបបាល់ទះក្រសួងមហាផ្ទៃ បន្តលើកស្ទួយវិស័យកីឡាបាល់ទះឲ្យកាន់តែខ្លាំង