លោក ជា សុផារ៉ា បញ្ចេញកម្លាំងមន្ត្រីរាប់រយនាក់ពីរាជធានីភ្នំពេញ ទៅចុះបញ្ជីដីនៅខេត្តមណ្ឌលគិរី ឱ្យបានរួចរាល់

សង្គម​និង​សេដ្ឋកិច្ច

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​ចេញ​នូវ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​មួយ​ ​​ដោយ​បាន​​បញ្ចេញ​កម្លាំង​មន្ត្រី​ពី​រាជធានីភ្នំពេញ​រាប់រយនាក់ ​​រួម​ទាំង​មន្ត្រី​នៅ​មូលដ្ឋាន​ជា​ច្រើន​រយនាក់​ទៀត ដើម្បី​រួម​​សហការ​គ្នា ចុះ​​​បញ្ជី​ដី​នៅ​ខេត្ត​មណ្ឌលគិរី ​​​​ឱ្យ​បាន​រួចរាល់​​ឆាប់​បំផុត ​​ទាំង​ដី​រដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ និងដីសហគមន៍ជនជាតិដើមភាគតិច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាល​រសៀល​​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារចុះអនុវត្តការងារវាស់វែងដីរដ្ឋ ដីឯកជនរបស់​ប្រជាពលរដ្ឋ និងដីសហគមន៍ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី ដឹកនាំដោយលោក​ សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងជាប្រធានក្រុមការងារ និងសហការី បានសហការជាមួយមន្រ្ដី​នៃមន្ទីរសុរិយោដី​រាជធានី​ភ្នំពេញ ចូលរួមប្រជុំពិភាក្សាអំពីកិច្ចសហការជំរុញការចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ និងដីសហគមន៍​ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគីរី ដោយមានការចូលរួមពីលោក ថង សាវុន អភិបាលនៃ​គណៈ​អភិបាលខេត្តមណ្ឌលគិរី ប្រធានមន្ទីរពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ សរុបប្រមាណចំនួន ១៦៥ នាក់ ដើម្បី​​​បែង​ចែក​កម្លាំង​ជា​ក្រុមៗ ​​ចាប់​ផ្តើម​អនុវត្ត​ការងារ ចាប់ពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០២៣ តទៅ​តែ​ម្តង។

បើ​តាម​មន្ទីរ​​សុរិយោដី​រាជធានីភ្នំពេញ បាន​ឱ្យ​ដឹង​ថា អនុវត្តតាមបទបញ្ជាដឹកនាំ​របស់​លោក​ ជា​​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ក្រុមមន្ត្រីជំនាញរបស់មន្ទីរ​សុរិយោដី​​ រាជធានីភ្នំពេញ​ និងការិយាល័យភូមិបាលខណ្ឌ​ រួមទាំងមន្ត្រីកិច្ចសន្យា​ សរុបជាង២០០នាក់​ ត្រូវបានរៀបចំ​ជា​១២ក្រុម​ បានកំពុងចុះជួយគាំទ្រការចុះបញ្ជីដីរដ្ឋ​ ដីឯកជនរបស់ប្រជាពលរដ្ឋ​ និងដីសហគមន៍ជនជាតិដើម​ភាគតិច​ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរី។ ដូច្នេះ​បើ​​គិត​ទាំង​​ចំនួន​មន្ត្រី​ទាំង​មក​ពី​ក្រសួង (ថ្នាក់ជាតិ) និង​មន្ត្រី​មក​ពី​មន្ទីរ​ពាក់ព័ន្ធ រួម​ទាំង​អាជ្ញាធរ​នៅ​មូលដ្ឋាន​ទៀត គឺ​​​មាន​ចំនួន​សរុប​ជិត​ខ្ទង់​ពាន់​នាក់​ឯណោះ ដើម្បី​អនុវត្ត​យុទ្ធនាការ​នេះ​ ឱ្យ​​ចប់​បាន​​​លឿន។

គួរ​រំឭក​ថា ​​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ភាព​​​បិទសន្និបាត​​បូកសរុប​លទ្ធផលការងារ​ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់​ក្រសួង​រៀបចំដែនដី កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​​បាន​ផ្តល់​អនុសាសន៍​ដាក់​ចេញ​នូវ​ទិសដៅ​ការងារ​មួយ​ចំនួន​ សម្រាប់​ក្រសួង​រៀបចំដែនដី ​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​អនុវត្ត​សម្រាប់​ឆ្នាំ២០២៣ ​ក្នុង​នោះ​រួម​មាន​ទាំង​ បន្ត​អនុវត្ត​ផែនការ​ចុះបញ្ជីដី រួម​ទាំង​ការ​ចុះបញ្ជីដីរដ្ឋ ដីសាធារណៈ​របស់រដ្ឋ ដី​សម្បទានសេដ្ឋកិច្ច ដីរដ្ឋ​ជុំវិញ​បឹង​ទន្លេសាប និង​ដី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ដើម្បី​ធានា​នូវ​សុវត្ថិភាព​នៃ​ការ​កាន់កាប់​ដីធ្លី ដែល​ជា​ទុន​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​ជូន​ប្រជាពលរដ្ឋ សម្រាប់​រស់នៅ ដាំដុះ និង​វិនិយោគ បង្កើត​មុខរបរ និង​បង្កើន​ប្រាក់​ចំណូល។

ទទឹម​នឹង​នេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣​​ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏​បានប្រកាសថា កម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន លើផ្នែកកសិ-ឧស្សាហកម្ម​ជាស្នូល រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ដែលជាខេត្តមានសក្ដានុពល ផងដែរ៕