កម្ពុជា បញ្ជាក់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (Alliance of Champions for Food System Transformation ,ACF) ដោយកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីបន្តចូលរួមចំណែកចែករំលែកបទពិសោធន៍ និងស្វែងយល់ពីប្រទេសនានា ដើម្បីពន្លឿនការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ ធ្វើឱ្យមានភាពធន់ និងបញ្ចេញកាបូនទាប។ អាចធានាថាប្រព័ន្ធស្បៀងអាហារក្លាយជាមូលដ្ឋានគ្រឹះនៃសកម្មភាពអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះជាការបញ្ជាក់របស់ លោក  អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថាគន្លឺះនៅក្នុងកិច្ចប្រជុំ “សម្ព័ន្ធនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (ACF)” ក្នុងក្របខណ្ឌនៃសន្និសីទកំពូល លើកទី៣០ នៃរដ្ឋភាគីនៃអនុសញ្ញអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP30 នៅទីក្រុងBelem  ប្រទេសប្រេស៊ីល នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោករដ្ឋមន្រ្តីបានថ្លែងថា ប្រទេសកម្ពុជាទទួលស្គាល់ថាការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ គឺជាចំណុចកណ្តាលនៃការសម្រេចបាន ទាំងគោលដៅអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកបានបន្តថា ផែនការរួមចំណែកជាតិលើកទី៣ NDC 3.0 របស់កម្ពុជា បានរួមបញ្ចូលការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ ដែលជាផ្លូវស្នូលសម្រាប់ការកាត់បន្ថយ ការសម្របខ្លួន និងកសាងភាពធន់នឹងអាកាសធាតុ។ កម្ពុជា បានចាត់ទុកអាទិភាពសំខាន់ៗរួមមាន៖ ការលើកកម្ពស់របបអាហារប្រកបដោយចីរភាព និងមានសុខភាពល្អ; ការពង្រីកកសិកម្មឆ្លាតវៃ និងធន់នឹងអាកាសធាតុ; ការជំរុញការស្តារតំបន់ការពារទេសភាព និងវិធីសាស្រ្តផ្អែកលើប្រព័ន្ធអេកូឡូស៊ី; ការកាត់បន្ថយសំណល់ចំណីអាហារ; និងការបញ្ចូលសមភាពយេនឌ័រទៅក្នុងសកម្មភាពទាំងអស់។

លើសពីនេះ អាទិភាពទាំងនេះត្រូវបានចង្អុលបង្ហាញ ក្នុងផែនទីបង្ហាញផ្លូវចំនួនពីរ របស់កម្ពុជា ទី១ ផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ២០២៥-២០៣០ និងយុទ្ធសាស្ត្រជាតិលើកទី ៣ សម្រាប់សន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភឆ្នាំ ២០២៤-២០២៨។

ក្នុងនាមជាប្រទេសសមាជិកនៃសម្ព័ន្ធACF ប្រទេសកម្ពុជាបានកោតសរសើរ ចំពោះសម្ព័ន្ធចំពោះជំនួយ ដែលបានផ្តល់ក្នុងការបង្កើតផ្លូវផ្ទាល់ខ្លួន ឆ្ពោះទៅរកការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន នៅក្នុងកិច្ចប្រជុំ COP28 ។ តាមរយៈសម្ព័ន្ធភាពនេះ កម្ពុជាទទួលបានបទពិសោធន៍រួមគ្នា លើការរួមបញ្ចូលប្រព័ន្ធស្បៀងអាហារ និងគោលនយោបាយអាកាសធាតុនៅតាមក្រសួង និងស្ថាប័ននានានៅកម្រិតជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាការពង្រីកទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍  រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងអ្នកផ្តល់ជំនួយទ្វេភាគីជាដើម។

សូមបញ្ជាក់ថា សម្ព័ន្ធAlliance of Champions for Food System Transformation ,ACF នៅក្នុងឆ្នាំនេះ បានទទួលស្វាគមន៍ ប្រទេសអ៊ីតាលី និងវៀតណាម ជាសមាជិកថ្មី។ សម្ព័ន្ធនេះបានដំណើរការចាប់ពីCOP28 ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងមានប្រទេសសមាជិកចំនួន៥ប្រទេសរួចមកហើយ រួមមានប្រទេសប្រេស៊ីល កម្ពុជា ន័រវែស រវ៉ាន់ដា និងសៀរ៉ាឡេអូន។ ប្រទេសទាំងអស់ បានធ្វើការប្ដេជ្ញាចិត្ត ជំរុញការផ្លាស់ប្តូរជាប្រព័ន្ធ នៅក្នុងប្រព័ន្ធស្បៀងអាហាររបស់ប្រទេសខ្លួន ដើម្បីផ្តល់លទ្ធផលកាន់តែប្រសើរសម្រាប់មនុស្ស ធម្មជាតិ និងអាកាសធាតុ៕