សមាជិកសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជាននិងអភិវឌ្ឍន៍ នៅប្រទេសអូស្ត្រាលី

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រនិងការអភិវឌ្ឍ CAPPD និងជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជននិងអភិវឌ្ឍន៍ (AFPPD) និងគណៈប្រតិភូ ៩រូប បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃ AFPPD លើកទី១០១  នៅទីក្រុងម៉ែលប៊ើន ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោលបំណងនៃកិច្ចប្រជុំខាងនេះ គឺផ្ដោតលើការគ្រប់គ្រងផ្ទៃក្នុង និងការរៀបចំយុទ្ធសាស្ត្ររបស់ AFPPD រួមមាន៖ ការពិនិត្យ និងអនុម័តលើកំណត់ហេតុប្រជុំ ExCom លើកទី១០០, ការតាមដាន និងវាយតម្លៃសកម្មភាពការងារចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ខែមេសា ឆ្នាំ២០២៦, ការរៀបចំផែនការសកម្មភាព ចាប់ពីខែឧសភា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៦, ស្ថានភាពការិយាល័យ AFPPD នៅប្រទេសម៉ាឡេស៊ី, ការអនុម័តលក្ខន្តិកៈគ្រប់គ្រងធនធានមនុស្ស (HR Manual)។

គួរឱ្យដឹងថា ជំនួបប្រជុំនេះ គឺជាឱកាសសម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិទាំងអស់ ចូលរួមផ្តល់មតិយោបល់ និងការយល់ឃើញផ្សេងៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ AFPPD ទាំងមូល។ វេទិកានេះគឺជាកិច្ចប្រជុំផ្ទៃក្នុង ដែលធ្វើឡើងមុនពេលចាប់ផ្តើមវេទិកាកម្រិតខ្ពស់រវាងរដ្ឋមន្ត្រីនិងសមាជិកសភា នៅឯសន្និសីទ Women Deliver 2026 នៅទីក្រុងមែលប៊ើន នៅប្រទេសអូស្ត្រាលី។

គួររំលឹកថាកិច្ចប្រជុំAFPPD ប្រចាំឆ្នាំ និងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AFPPD លើកទី១០០នាឆ្នាំ២០២៥  បានត្រូវធ្វើឡើងនៅប្រទេសហ្វីលីពីន៕