ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយក្រុមហ៊ុននិងសមាគមអ្នកសាងសង់កម្ពុជា ត្រៀមអនុវត្តកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) របស់អតីតពលករមកពីថៃឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយក្រុមហ៊ុនសំណង់ និងសមាគមអ្នកសាងសង់កម្ពុជាប្រមាណ ៣០ ស្តីពី «ការត្រៀមរៀបចំអនុវត្តកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន» កាលពីថ្ងៃទី៧ ខែមេសា បានពិភាក្សានិងធ្វើជាសាក្សីលើការអនុវត្តកម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ឱ្យមានប្រសិទ្ធភាព និងពង្រីកការអនុវត្តឱ្យបានទូលំទូលាយស្របតាមតម្រូវការទីផ្សារការងារ និងទិសដៅអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាដើម្បីទស្សនា និងអង្កេតការដាក់ឱ្យអនុវត្តសាកល្បងនូវកម្មវិធី RPL នៅទីតាំងផ្ទាល់នៅក្នុងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីគោលដៅកម្មវិធី RPL គឺដើម្បីអភិវឌ្ឍធនធានមនុស្ស បង្កើនផលិតភាពនិងភាពប្រកួតប្រជែង និងបំប្លែងបទពិសោធការងារទៅជាវិញ្ញាបនបត្រផ្លូវការ ជាពិសេសសម្រាប់វាយតម្លៃអតីតពលករមកពីប្រទេសថៃក្នុងជំហានទី១ ចំនួន ១ ម៉ឺននាក់។
លោកបន្តថា ការរៀបចំការធ្វើតេស្ត RPL ជូនដល់បងប្អូនអតីតពលករមកពីថៃដោយឥតគិតថ្លៃនេះធ្វើឡើងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការជំរុញការអភិវឌ្ឍនិងទទួលស្គាល់លើមុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់ ដែលបងប្អូនអាចយកទៅប្រើប្រាស់ដើម្បីទទួលបានឱកាសការងារល្អនិងប្រាក់ចំណូលខ្ពស់ជាងមុន។ ការធ្វើតេស្តក្នុងជំហានទី១ នេះគឺនឹងធ្វើឡើងជារៀងរាល់ចុងសប្តាហ៍ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅតាមរាជធានី-ខេត្ដគោលដៅចំនួន ៦ រួមមាន រាជធានីភ្នំពេញ ខេត្ដបាត់ដំបង បន្ទាយមានជ័យ សៀមរាប តាកែវ និងខេត្តស្វាយរៀង ដោយឯកឧត្តមសង្កត់ធ្ងន់ថា បើជំហានទី ១នេះទទួលជោគជ័យ ក្រសួងនឹងបន្តកម្មវិធីនេះទៅជំហានទី ២ទៀត ដែលក៏នឹងផ្តោតលើកម្លាំងកម្មករក្នុងស្រុកផងដែរ។
ជាមួយនឹងការគាំទ្រគំនិតផ្តួចផ្តើម និងបន្ទាប់ពីបានទស្សនាការដាក់ឱ្យអនុវត្តកម្មវិធី RPL សាកល្បងនេះ អង្គប្រជុំបានពិភាក្សានិងផ្ដល់មតិយោបល់យ៉ាងផុសផុលលើការអនុវត្តកម្មវិធីនេះ ដោយឯកឧត្តមរដ្ឋមន្រ្តីបានសង្ឃឹមយ៉ាងមុតមាំថា ធាតុចូលដ៏មានតម្លៃទាំងនេះនឹងជួយធ្វើឱ្យការអនុវត្តកម្មវិធីនេះមានប្រសិទ្ធភាព និងជួយពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនលើការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែប្រសើរ ដែលធ្វើឱ្យមានការជឿជាក់ថា ការធ្វើតេស្តនេះ «ពិតជាត្រឹមត្រូវ និងអាចជ្រើសរើសបេក្ខជនប្រកបដោយសមត្ថភាពពិតប្រាកដមែន»។

ការធ្វើតេស្ត RPL ផ្តល់នូវឱកាសដល់បុគ្គលដែលកំពុងបម្រើការងារ និងអ្នកមានជំនាញដែលមិនទាន់មានការងារឱ្យទទួលបានការទទួលស្គាល់ជំនាញជាផ្លូវការ ឬគុណវុឌ្ឍិរបស់ពួកគាត់។ សម្រាប់អតីតពលករមកពីប្រទេសថៃ នឹងទទួលបានការស្គាល់សមត្ថភាព ឱកាសការងារ ចំណេញពេលវេលា និងថវិកា ក្លាយជាពលករក្នុងប្រព័ន្ធ ដែលនឹងទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងបង្កើនជំនឿចិត្តលើខ្លួនឯង ក៏ដូចជាជំរុញការសិក្សាពេញមួយជីវិត។ រីឯ អ្នកវិនិយោគវិញនឹងបានយល់ដឹងពីកម្រិតជំនាញបុគ្គលិកភ្លាមៗ កាត់បន្ថយចំណាយលើការបណ្តុះបណ្តាល ធានាស្តង់ដា និងគុណភាព និងបង្កើនទំនុកចិត្តវិនិយោគ ជាពិសេសអាចបង្ហាញដៃគូពីកម្លាំងកម្មករដែលមានជំនាញស្តង់ដា។
សូមបញ្ជាក់ថា ជំនាញទាំង ៨នោះរួមមាន៖ (១) ការងារកំបោរ (រៀបឥដ្ឋនិងបូក), (២) ការងារការ៉ូ, (៣) ការដំឡើងពុម្ព, (៤) ការដំឡើងបណ្តាញបំពង់ទឹក, (៥) ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, (៦) ការងាររន្ទា, (៧) ការដំឡើងសរសៃដែក និង (៨) ការផ្សារអគ្គិសនី៕


