កម្មករនិយោជិត​ព្យួរកិច្ចសន្យាការងារ​១៤ថ្ងៃ ទទួលប្រាក់ឧបត្ថម្ភ៣៥ដុល្លារ និង១ខែបាន ៧០ដុល្លារអាមេរិកពីរាជរដ្ឋាភិបាលនិងនិយោជក

សង្គម​និង​សេដ្ឋកិច្ច

យោងតាមអនុសាស្ត្រណែនាំរបស់ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ដើម្បីរក្សាលំនឹងជីវភាពរស់នៅរបស់កម្មករនិយោជិតនិងធានានូវស្ថិរភាពអាជីវកម្មរបស់រោងចក្រដែលមានការថមថយច្រវាក់ផលិតកម្មក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចសកល ក្រសួងបានណែនាំដល់ម្ចាស់ឬនាយករោងចក្រ ត្រូវធ្វើការពិភាក្សាគ្នាជាមួយតំណាងកម្មករនិយោជិត ដើម្បីកំណត់ការឆ្លាស់វេនគ្នាធ្វើការងារនៅពេលមានការព្យួរកិច្ចសន្យាការងារក្នុងរយៈពេលកំណត់ណាមួយដោយផ្អែកលើគោលការណ៍សមភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


តាមសេចក្តីណែនាំស្តីពី «ការព្យួរកិច្ចសន្យាការងារកម្មករនិយោជិតធ្វើការនៅរោងចក្រក្នុងវិស័យវាយភណ្ឌកាត់ដេរ ផលិតផលស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចសកល» កាលពីថ្ងៃទី១៥ ខែមីនា ឆ្នំា២០២៣ បញ្ជាក់ថា កម្មករនិយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារចាប់ពីថ្ងៃទី១ ខែមេសា ឆ្នំា២០២៣ នឹងត្រូវទទួលបានប្រាក់ឧត្តម្ភ៖ ១) ចំនួន២០ដុល្លារអាមេរិកពីរាជរដ្ឋាភិបាលនិងចំនួន ១៥ដុល្លារអាមេរិកពីនិយោជកសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល៧ថ្ងៃទៅ១៤ថ្ងៃ។

២) ចំនួន៤០ដុល្លារអាមេរិកពីរាជរដ្ឋាភិបាលនិង ៣០ដុល្លារអាមេរិកពីនិយោជកសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល១៥ថ្ងៃទៅ១ខែ។
បើតាមសេចក្តីណែនាំខាងលើ ក្រោយពីបានផ្តល់ការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវចម្លងលិខិតអនុញ្ញាតព្យួរកិច្ចសន្យាការងារ តាមទម្រង់លិខិតដូចមានក្នុងឧបសម្ព័ន្ធទី៥នៃសេចក្តីណៃនាំនេះដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្មនិងរដ្ឋាភិបាលរាជធានី ខេត្តដែលពាក់ព័ន្ធ។
ក្រសួងសូមបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភព្យួរកិច្ចសន្យាការងារ នឹងត្រូវអនុវត្តសម្រាប់រោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបដែលទទួលបានការអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារចាប់ពីថ្ងៃទី១ ខែមេសា ឆ្នំា២០២៣តទៅ។ ដោយឡែកការព្យួរកិច្ចសន្យាការងារដែលបានអនុវត្តមុនថ្ងៃទី១ ខែមេសា ឆ្នំា២០២៣ ត្រូវអនុវត្តតាមការព្រមព្រៀងគ្នារវាងភាគីនិយោជក និងកម្មករនិយោជិត។
យោងតាមសេចក្តីណែនាំគូសបញ្ជាក់ថា«ក្នុងអំឡុងពេលព្យួរកិច្ចសន្យាការងារនេះ ដើម្បីធានាបានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈនិងលើកកម្ពស់ផលិតភាពការងារ ក្រសួងលើកទឹកចិត្តឱ្យម្ចាស់ឬនាយករោងចក្រពិភាក្សាជាមួយវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា ឬវិទ្យាស្ថានបណ្តុះបណ្តាលផ្សេងទៀតរៀបចំបណ្តុះបណ្តាលលើមុខជំនាញច្បាប់ពាក់ព័ន្ធនឹងវិស័យការងារ ជំនាញទន់និងជំនាញបច្ចេកទេសចំាបាច់នានាក្នុងរោងចក្រដល់កម្មករនិយោជិត ជាពិសេសថ្នាក់ដឹកនាំរដ្ឋបាលនិងប្រធានផ្នែក»៕
អត្ថបទ៖សារេត