ក្រសួងប្រៃសណីយ៍ លើកទឹកចិត្តសិស្សានុសិស្សចាប់យកជំនាញឌីជីថល មានឱកាសទទួលបានប្រាក់ចំណូលខ្ពស់ ខណៈក្រសួងក៏ផ្តល់អាហារូបករណ៍នៅសាកលវិទ្យាល័យ៦ផងដែរ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់រៀនសូត្រ និងជូនពរឱ្យទទួលបានជោគជ័យនិងនិទ្ទេសល្អក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីអំពាវលើកទឹកចិត្តដល់សិស្សានុសិស្សបាក់ឌុបឆ្នាំនេះ របស់ក្រសួងប្រៃសណីយ៍ នាថ្ងៃទី២៦ សីហានេះ ក្រសួងក៏ឆ្លៀតអំពាវនាវនិងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យពិចារណាចាប់យកការសិក្សាជំនាញឌីជីថល (Digital Skills) ក្នុងគោលដៅមានឱកាសទទួលបានការងារដែលមានប្រាក់ចំណូលខ្ពស់ អាចជួយលើកកម្ពស់ជីវភាព ជាពិសេស ចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិ ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

បន្ថែមពីនេះ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ២០២៤-២០៣៥ បានដាក់ចេញនូវក្របខណ្ឌសមត្ថភាពជំនាញឌីជីថល ដែលមានតម្រូវការខ្ពស់ និងងាយទទួលបានឱកាសការងារល្អៗ ព្រមទាំងអាចចូលរួមកសាងរដ្ឋាភិបាល ពលរដ្ឋ និងធុរកិច្ចឌីជីថល រួមមាន ផ្នែកសន្តិសុខសាយប័រ (Cybersecurity) ផ្នែកបញ្ញាសិប្បនិម្មិត (Artificial Intelligence) និង ផ្នែកក្លោដ (Cloud) ជាដើម។

ដើម្បីផ្ដល់ឱកាសដល់និស្សិតដែលចាប់យកជំនាញឌីជីថល ក្រសួងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រលើជំនាញឌីជីថលចំនួន ៥០០កន្លែង ក្រោមអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ និងកម្ចីសិក្សាលើជំនាញឌីជីថលដោយមិនគិតការប្រាក់ ក្រោមកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ផ្តល់ជូនក្នុងចំនួនច្រើនកន្លែង) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅសាកលវិទ្យាល័យដៃគូទាំង ៦ រួមមាន៖

១.បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ២០០ កន្លែង

២.វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ៤០ កន្លែង

៣.សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៣០ កន្លែង

៤.សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១០ កន្លែង

៥.សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon International University) ចំនួន ២០ កន្លែង និង

និង៦.សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh) ចំនួន ២០០ កន្លែង៕