​ផ្សារ​ម៉ាក្រូ​ទី ៣ គ្រោង​បើក​នៅ​តំបន់បាក់ខែង ប្រើ​ទុន​វិនិយោគ​ជាង ១២ លាន​ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ សម្រាប់​ការ​បើក​មជ្ឍមណ្ឌលពាណិជ្ជកម្ម​ម៉ាក្រូ ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦ នៅ​សង្កាត់​បាក់ខែង ខណ្ឌ​ជ្រោយ​ចង្វា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្កើត​ផ្សារម៉ាក្រូនៅសង្កាត់បាក់ខែង ជាផ្សារទីបីរបស់ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED បន្ទាប់​ពីបើក​សម្ពោធ​សាខា​ដំបូង​នៅ​ខណ្ឌ​សែនសុខ និង​សាខា​ទី​ពីរ​នៅ​ខេត្តសៀមរាប ហើយ​ដែល​សាខា​ថ្មីនេះ​នឹង​បង្កើត​ការងារ​បាន​ ១៦១ កន្លែង។

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោង​វិនិយោគ ៥ ទៀតតាមសំណើសុំវិនិយោគមាន​ដូចជា៖

១. RONG JIN C C CERAMIC CO., LTD. គម្រោងបង្កើតរោងចក្រផលិតឥដ្ឋការ៉ូគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០៤កន្លែង។

២. ELITE SOLAR (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតនិងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ A10 & A12 ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤៧,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៣៧កន្លែង។

៣. SHENG KA SHIN ELECTRONIC REBORN RESOURCE CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៩,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០៥កន្លែង។

៤. LHTL DECORATION (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតនិងផ្គុំដំឡើងខ្សែអំពូលភ្លើងតុបតែងនិងដើមឈើសិប្បនិម្មិតគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិទេពភិរម្យ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥៦កន្លែង។

៥. JBT TECHNOLOGY CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងពណ៌លម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១៧៣កន្លែង។