ឧកញ៉ាម្នាក់អញ្ជើញទទួលបដិសណ្ឋារកិច្ច ស្តេចព្រុយណេ បើកបរព្រះទីនាំងយន្តហោះផ្ទាល់យាងចូលរួមកិច្ចប្រជុំ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារ៉ូសាឡឹម យាងដល់កម្ពុជានៅរសៀលថ្ងៃពុធ ទី៩ ខែវិច្ឆិកាម្សិលមិញ ដោយបើកបរព្រះទីនាំងយន្តហោះផ្ទាល់ព្រះអង្គយាងអមដោយព្រះរាជបុត្រមួយព្រះអង្គ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជដំណើរយាងរបស់ព្រះមហាក្សត្រ ព្រុយណេ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំព័ន្ធនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងឱកាសយាងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃពុធម្សិលមិញនោះ កម្ពុជាបានចាត់តាំង ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួល បន្ទុក បេសកកម្មពិសេស អញ្ជើញទទួលព្រះរាជបដិសណ្ឋារកិច្ច ព្រះចៅស៊ុលតង់។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចនេះ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រព្រុយណេ នឹងមានព្រះរាជសវនាការជាមួយព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង។

ទន្ទឹមនឹងនោះ ព្រះចៅស៊ុលតង់ និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងមានកិច្ចប្រជុំទ្វេភាគីនៅវិមានសន្តិភាព បន្ទាប់មកនឹងយាង/អញ្ជើញធ្វើអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគគ្នារវាងប្រទេសទាំងពីរ ស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី។

ជាមួយគ្នានេះដែរ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រព្រុយណេ ក៏នឹងយាងដាក់កម្រផ្កាគោរពវិញា្ញណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ អតីតព្រះមហាក្សត្រខ្មែរផងដែរ។

សូមជម្រាបជូនបន្តិចថា ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋយាងមកកាន់កម្ពុជារបស់ព្រះចៅស៊ុលតង់ ស្របពេលដែលប្រទេសទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំនេះ៕