ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគម ចូលរួម «វេទិកាធុរកិច្ចកម្ពុជា–វៀតណាម» (Cambodia–Vietnam Business Forum) នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងធុរជននៃប្រទេសទាំងពីរប្រមាណ ៣០០នាក់។

វេទិកាធុរកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា–វៀតណាមឱ្យកាន់តែស៊ីជម្រៅ ដោយផ្តោតលើការបន្តលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគីឆ្ពោះទៅគោលដៅ ២០ប៊ីលានដុល្លារអាម៉េរិក ការបម្លែងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទៅជាការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងឧស្សាហកម្មរួមគ្នា ព្រមទាំងជំរុញការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ឡូជីស្ទិក ថាមពលស្អាត និងទេសចរណ៍។
ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រេចបានប្រមាណ ៦,៦ប៊ីលានដុល្លារអាម៉េរិក ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក។ ចំពោះការវិនិយោគ គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគវៀតណាមសរុបចំនួន ១០៧គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៣,៦ប៊ីលានដុល្លារអាម៉េរិក។
ក្នុងឱកាសនេះ សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះវត្តមាន និងការរួមចំណែករបស់វិនិយោគិនវៀតណាម ក្នុងដំណើរអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលជាង៣ទសវត្សរ៍កន្លងមក។
សម្តេចបានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានឧត្តមភាព និងសក្តានុពលដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក ដោយវៀតណាមមានមូលដ្ឋានកម្មន្តសាលរីកចម្រើន ខ្សែច្រវាក់ផ្គត់ផ្គង់ស៊ីជម្រៅ បច្ចេកវិទ្យា ជំនាញ និងបណ្តាញទីផ្សារអន្តរជាតិទូលំទូលាយ ខណៈកម្ពុជាកំពុងពង្រីកមូលដ្ឋានផលិតកម្ម មានកម្លាំងពលកម្មវ័យក្មេងដែលមានជំនាញកាន់តែខ្ពស់ សក្តានុពលថាមពលស្អាត ទីតាំងយុទ្ធសាស្ត្រ និងលទ្ធភាពតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។
ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងវេទិកាធុរកិច្ចនេះ បានបង្ហាញពីការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងវៀតណាម ព្រមទាំងបង្កើតកាលានុវត្តភាពសម្រាប់ការផ្គូផ្គងដៃគូធុរកិច្ច ស្វែងរកភាពជាដៃគូថ្មី និងទាក់ទាញវិនិយោគិនវៀតណាមមកកាន់កម្ពុជា។
សមាគមឧកញ៉ាកម្ពុជា នឹងបន្តចូលរួមជំរុញការតភ្ជាប់រវាងធុរជននៃប្រទេសទាំងពីរ ដើម្បីបម្លែងទំនាក់ទំនងទៅជាឱកាសធុរកិច្ច ការវិនិយោគ និងគម្រោងសហប្រតិបត្តិការជាក់ស្តែង ដែលរួមចំណែកដល់ការពង្រឹងកំណើនសេដ្ឋកិច្ច និងភាពជាដៃគូកម្ពុជា–វៀតណាមប្រកបដោយចីរភាព។










