មហាសេដ្ឋីថៃ​ ផ្អាកផែនការលក់ក្លិបបាល់ទាត់ Leicester ក្រោយដាក់តម្លៃជិត ៣០០លានដុល្លារ តែគ្មានអ្នកទិញ

អន្តរជាតិ

មហាសេដ្ឋីថៃ លោក Aiyawatt Srivaddhanaprabha បានសម្រេចផ្អាកផែនការលក់ក្លិបបាល់ទាត់ Leicester City បន្ទាប់ពីមិនអាចស្វែងរកអ្នកទិញបាន ទោះបីជាក្លិបនេះត្រូវបានដាក់លក់ក្នុងតម្លៃ ២០០លានផោន ឬប្រមាណ ២៦២,៣លានដុល្លារអាមេរិកក៏ដោយ។ ជំនួសមកវិញ ម្ចាស់ក្លិបដែលជាជនជាតិថៃរូបនេះនឹងផ្តោតលើការជួយឲ្យក្លិបវិលត្រឡប់ទៅកាន់លីគលំដាប់ទីពីររបស់អង់គ្លេសវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារព័ត៌មាន The Telegraph ដែលត្រូវបានដកស្រង់ដោយ VnExpress បានឱ្យដឹងថា លោក Aiyawatt ដែលជាប្រធានក្លិប Leicester City បានសម្រេចដកក្លិបនេះចេញពីដំណើរការដាក់លក់។ ការសម្រេចចិត្តនេះត្រូវបាននាយកប្រតិបត្តិក្លិប លោកស្រី Kamonthip Netthamonsak ជូនដំណឹងទៅកាន់បុគ្គលិកជាន់ខ្ពស់របស់ក្លិបផងដែរ។

កន្លងមក មានភាគីមួយចំនួនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញក្លិបធ្លាប់លេងនៅលីគកំពូលអង់គ្លេសមួយនេះ ប៉ុន្តែតម្លៃដែលក្រុមហ៊ុន King Power ដែលជាម្ចាស់ក្លិបបានកំណត់ បានក្លាយជាឧបសគ្គដ៏ធំមួយ។ តម្លៃ ២០០លានផោននេះ រួមបញ្ចូលទាំងកីឡដ្ឋាន King Power Stadium និងមជ្ឈមណ្ឌលហ្វឹកហាត់ Seagrave ផងដែរ។

ជម្រាបជូនថា ក្រុមហ៊ុន King Power បានទិញក្លិប Leicester City កាលពីឆ្នាំ២០១០ ក្រោមការដឹកនាំរបស់លោក Vichai Srivaddhanaprabha ដែលជាឪពុករបស់លោក Aiyawatt។ ក្រោយមក លោក Vichai បានទទួលមរណភាពក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រក្បែរកីឡដ្ឋានរបស់ក្លិបនៅក្នុងឆ្នាំ២០១៨ ហើយលោក Aiyawatt បានឡើងកាន់តំណែងជាអ្នកដឹកនាំក្លិបបន្តពីឪពុក៕​