កម្ពុជា-អាស៊ែបៃហ្សង់ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យ និងចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ៣

សង្គម​ និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអាស៊ែបៃហ្សង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការបញ្ជាក់របស់ក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានជជែកគ្នាយ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្រនានា ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរលើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច និងពាណិជ្ជកម្ម, ថាមពល, សន្តិសុខ និងការពារជាតិ, បច្ចេកវិទ្យា និងនវានុវត្តន៍, ភស្តុភារកម្ម, ការតភ្ជាប់ផ្លូវអាកាស, ទេសចរណ៍, ការអប់រំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួមផងដែរ។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមចំពោះពហុភាគីនិយម និងបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈវេទិកាតំបន់ និងអន្តរជាតិនានា ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង នៅក្នុងតំបន់ និងសកលលោក។

ជាចុងក្រោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង ឯកឧត្តមប្រធានាធិបតី Ilham Aliyev ក៏បានអញ្ជើញជាសាក្សី ក្នុងពិធីផ្លាស់ប្តូរសារលើឯកសារចំនួន ៣ ដែលបានចុះហត្ថលេខាក្នុងឱកាសទស្សនកិច្ចផ្លូវការខាងលើ រួមមាន៖ ១. កិច្ចព្រមព្រៀងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាលើពន្ធលើប្រាក់ចំណូល និងការបង្កាការគេចវេះពន្ធ និងការចៀសវាងពន្ធ ២. កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាស៊ែបៃហ្សង់ ៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យ ADA នៃក្រសួងការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់៕