ក្នុងសន្និសីទសារព័ត៌មានរួម នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាទំនាក់ទំនងការទូតរវាងកម្ពុជា និងអាស៊ែបៃហ្សង់ មានរយៈពេលជាង ៣០ឆ្នាំមកហើយក្តី ប៉ុន្តែទំហំពាណិជ្ជកម្ម និងការផ្លាស់ប្តូរសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ។ ដើម្បីប្រែក្លាយកិច្ចពិភាក្សាឱ្យទៅជាសកម្មភាពជាក់ស្តែង ភាគីទាំងពីរបានឯកភាពបង្កើតក្របខ័ណ្ឌកិច្ចព្រមព្រៀងមួយ ដែលនឹងបង្កើត ក្រុមការងារពាណិជ្ជកម្មរួម សំដៅរៀបចំផែនការសកម្មភាពជាក់លាក់ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី។


សម្តេចធិបតី បានបញ្ជាក់បន្ថែមថា ឯកសារកិច្ចសហប្រតិបត្តិការទាំង ៣ ដែលបានចុះហត្ថលេខានាឱកាសនោះ នឹងក្លាយជាវេទិកាដ៏រឹងមាំសម្រាប់ជំរុញពាណិជ្ជកម្ម ការអប់រំ និងវិស័យសក្តានុពលដទៃទៀត។
លើសពីនេះ សម្តេចធិបតីបានលើកឡើងពីសារៈសំខាន់នៃការផ្សារភ្ជាប់រវាងវិស័យឯកជន និងវិស័យឯកជន, ដោយសម្តេចនឹងជួបពិភាក្សាជាមួយធុរជនអាស៊ែបៃហ្សង់នារសៀលថ្ងៃដដែល និងបានអញ្ជើញគណៈប្រតិភូធុរកិច្ចអាស៊ែបៃហ្សង់ ឱ្យមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគផ្ទាល់។
ទន្ទឹមនឹងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានគូសបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពដែលអាជ្ញាធរអាកាសចរស៊ីវិលនៃប្រទេសទាំងពីរជួបពិភាក្សាគ្នា ដើម្បីឈានទៅបង្កើតកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនផ្លូវអាកាស សំដៅសម្រួល និងជំរុញការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ៕

