កម្ពុជាត្រៀមបំពាក់ប្រព័ន្ធឆ្លាតវៃ ដោះស្រាយបញ្ហាចរាចរណ៍ នាពេលខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូកម្ពុជាបានបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីប្រព័ន្ធចរាចរណ៍ឆ្លាតវៃ Green Wave and smart Intersection នៅទីក្រុង Hangzhou ខេត្ត Zhejiang នៃសាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរទស្សនកិច្ចគណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក សេន ស៊ីហ៊ត រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅប្រទេសចិន ចាប់ពីថ្ងៃទី១៨ដល់២២ ខែសីហា ឆ្នាំ២០២៥ បានសិក្សាស្វែងយល់អំពីប្រព័ន្ធចរាចរណ៍ឆ្លាតវៃ នៅទីក្រុង Hangzhou ខេត្ត Zhejiang នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមអមដំណើរដោយ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងមហាផ្ទៃ តំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងថា្នក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកផងដែរ។

ដំណើរបំពេញទស្សនកិច្ចសិក្សានេះ បានស្វែងយល់អំពីប្រព័ន្ធចរាចរណ៍ឆ្លាតវៃនៅទីក្រុង Hangzhou ខេត្ត Zhejiang  រួមមាន ១). សិក្សាអំពីការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា ដើម្បីប្រមូល និងវិភាគទិន្នន័យ ២). យល់អំពីឧបករណ៍បច្ចេកទេសទំនើបៗដែលក្រុមហ៊ុនផលិតសម្រាប់បម្រើដល់ការងារគ្រប់គ្រងចរាចរណ៍ សុខាភិបាល កសិកម្ម និងសន្តិសុខ ៣). ទស្សនាមជ្ឈមណ្ឌលបញ្ជាប្រតិបត្តិការតាមដានប្រព័ន្ធគ្រប់គ្រងចរាចរណ៍ទីក្រុង Hangzhou ៤). សិក្សានៅមូលដ្ឋានប៉ូលីសចរាចរណ៍ក្រុង Hangzhou ដើម្បីស្វែងយល់អំពីបទពិសោធន៍ជាក់ស្តែងនៅតាមដងផ្លូវក្នុងខេត្ត Hangzhou នូវការប្រើប្រាស់ប្រព័ន្ធ Green Wave and smart Intersection។

គួរបញ្ជាក់ថា អំឡុងពេលនៃដំណើរបំពេញទស្សនកិច្ច គណៈប្រតិភូបានជួបប្រជុំពិភាក្សាជាមួយតំណាងក្រុមហ៊ុន ក្នុងនោះដែរភាគីក្រុមហ៊ុនក៏បានបង្ហាញអំពីប្រសិទ្ធភាពនៃប្រព័ន្ធ Green Wave ដែលអាចជួយដោះស្រាយបញ្ហាចរាចរណ៍នៅក្នុងទីក្រុង ដូចជា ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ និងគំនិតផ្តួចផ្តើមក្នុងការយកប្រព័ន្ធនេះទៅបំពាក់នៅប្រទេសកម្ពុជា។

ប្រតិភូកម្ពុជាបានសម្តែងនូវការគាំទ្រនូវគំនិតផ្តួចផ្តើមខាងលើ និងបានស្នើសុំភាគីក្រុមហ៊ុនសហការជាមួយស្ថាប័នជំនាញ ធ្វើការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងក្នុងក្របខ័ណ្ឌនយោបាយ និងបច្ចេកទេស ជាពិសេសបទដ្ឋានគតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឱ្យវិស័យដឹកជញ្ជូន និងស្ថានភាពប្រជាសាស្ត្រផ្សេងៗ ដើម្បីប្រាកដថាប្រព័ន្ធនេះអាចអនុវត្តបាននៅកម្ពុជាប្រកបប្រសិទ្ធភាពខ្ពស់៕