រយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តតាកែវ ទទួលបានភ្ញៀវទេសចរជាង ៦ម៉ឺននាក់ កើនឡើង ៣០%

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ៦០,៨១៣ នាក់ បានមកទស្សនា និងលេងកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងខេត្តតាកែវ ដែលចំនួននេះមានការកើនឡើងប្រមាណ ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ផ្លូវការពីមន្ទីរទេសចរណ៍ខេត្តតាកែវ និងការបញ្ជាក់របស់លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរសរុបជាង ៦ម៉ឺននាក់នោះ រួមមាន ភ្ញៀវទេសចរជាតិ ចំនួន ៦០,៥៧៨ នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ២៣៥ នាក់។

លោកប្រធានមន្ទីរបានគូសបញ្ជាក់បន្ថែមថា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២៥ កន្លងទៅ ឃើញថា ចំនួនភ្ញៀវទេសចរសរុបមានការកើនឡើងចំនួន ១៨,២៧៧ នាក់ (ស្មើនឹង ៣០%) ខណៈដែលចំនួនភ្ញៀវទេសចរបរទេសមានការកើនឡើងចំនួន ១៦ នាក់ (ស្មើនឹង ៦.៨%)។

លោក ឈូក ប៊ុនថន បានគូសបញ្ជាក់ឱ្យដឹងទៀតថា កំណើនភ្ញៀវទេសចរជាទីគាប់ប្រសើរនាឱកាសនេះ បានស្តែងឱ្យឃើញពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសំណាក់សាធារណជន និងភ្ញៀវអន្តរជាតិ មកលើតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែបនៅក្នុងខេត្តតាកែវ។ ជាមួយគ្នានេះ តួលេខកំណើននេះក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាគុណភាពនៃសេវាកម្មទេសចរណ៍ ដែលកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ៕