សេ្តចត្រាញ់ធ្យូងថ្មឥណ្ឌូណេស៊ី របូតលុយជិត ៦ពាន់លានដុល្លារ ក្រោយលក់ភាគហ៊ុនក្នុងក្រុមហ៊ុន Bayan Resources

អន្តរជាតិ

ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីធ្បូងថ្ម​ Low Tuck Kwong បានធ្លាក់ចុះអស់ចំនួន ៥,៧៨ពាន់លានដុល្លារ ឬស្មើនឹង ៣៣,៩% បន្ទាប់ពីរូបលោក និងកូនស្រីបានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនជីករ៉ែធ្យូងថ្មដ៏ធំបំផុតរបស់ឥណ្ឌូណេស៊ី Bayan Resource ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌូណេស៊ីរូបនេះ បានធ្លាក់ចុះជាងពាក់កណ្តាលរួចមកហើយ គិតចាប់តាំងពីដើមឆ្នាំនេះមក ដោយបច្ចុប្បន្នមានចំនួនត្រឹម ១១,៣ពាន់លានដុល្លារ។

គួរឲ្យដឹងថាក្រុមហ៊ុន Bayan ធ្លាប់បានបញ្ជាក់ក្នុងឯកសារផ្ញើជូនផ្សារហ៊ុនឥណ្ឌូណេស៊ីថា លោក Low និងកូនស្រីរបស់លោកបានបញ្ចប់ការលក់ភាគហ៊ុន ៣០,២៥% ក្នុងក្រុមហ៊ុន Bayan ឱ្យទៅក្រុមហ៊ុន Jhonlin Baratama កាលពីថ្ងៃទី៧ ខែតុលា។

ក្រោយពីប្រតិបត្តិការនេះ ភាគហ៊ុនរបស់លោក Low នៅក្នុងក្រុមហ៊ុនបានធ្លាក់ចុះមកនៅត្រឹម ៩,៩៥% ធៀបនឹង ៤០,១៥%ពីមុន ខណៈពេលដែលភាគហ៊ុនរបស់កូនស្រីរបស់លោកវិញ គឺកញ្ញា Elaine បានធ្លាក់ចុះមកនៅត្រឹម ២២,០៥% ធៀបនឹង ២២,១%។

ជម្រាបជូនថា ក្រុមហ៊ុន Bayan គឺជាក្រុមហ៊ុនផលិតធ្យូងថ្មដ៏ធំ និងមានប្រាក់ចំណេញខ្ពស់បំផុតមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលផ្តោតជាសំខាន់ទៅលើធ្យូងថ្មរកំដៅ (thermal coal)។ ក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៩៤៣លានដុល្លារ ពីចំណូល ៣,៤៣ពាន់លានដុល្លារ និងផលិតធ្យូងថ្មបានប្រមាណ ៦៨ លានតោនកាលពីឆ្នាំមុន៕​