កម្ពុជា-កូរ៉េ បានផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ ៣ចំណុច លើវិស័យអប់រំ

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារទស្សនកិច្ច និងជំនួបពិភាក្សាការងារនៅសាកលវិទ្យាល័យជាតិគង់ជូ (Kongju National University – KNU) ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកសាកលវិទ្យាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃជំនួបពិភាក្សាការងារ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ ដោយផ្តោតលើចំណុចសំខាន់ៗ ៣ រួមមាន៖

១). ការលើកកម្ពស់សុខភាពសិក្សា៖ ស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រង និងយន្តការអនុវត្តការងារសុខភាពសិក្សាតាមបែបវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យជាតិគង់ជូ ដើម្បីប្រមូលធាតុចូល និងបទពិសោធន៍ល្អៗសម្រាប់ពិចារណាអនុវត្ត និងកែលម្អការងារសុខភាពសិក្សានៅកម្ពុជា។

២). ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី៖ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស ការផ្លាស់ប្តូរកម្មវិធីសិក្សា និងការចែករំលែកបទពិសោធន៍រវាងគ្រឹះស្ថានឧត្តមសិក្សានៃប្រទេសទាំងពីរ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។

៣). ការលើកកម្ពស់ឱកាសអាហារូបករណ៍ និងការផ្លាស់ប្តូរបទពិសោធន៍៖ ជំរុញការបង្កើនឱកាសទទួលបានអាហារូបករណ៍ និងការរៀបចំកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សាសម្រាប់មន្ត្រីអប់រំ សាស្ត្រាចារ្យ និងនិស្សិតកម្ពុជា ដើម្បីសិក្សាស្វែងយល់ និងទទួលបានបទពិសោធន៍ថ្មីៗនៅសាធារណរដ្ឋកូរ៉េ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បានបញ្ចប់ទៅប្រកបដោយផ្លែផ្កា និងស្មារតីសហប្រតិបត្តិការជិតស្និទ្ធ ដែលជាសក្ខីភាពថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូរវាងក្រសួងអប់រំ យុវជន និងកីឡានៃកម្ពុជា ជាមួយស្ថាប័នឧត្តមសិក្សានៃសាធារណរដ្ឋកូរ៉េ សំដៅរួមចំណែកអភិវឌ្ឍគុណភាពអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង៕