ស្ថានទូតសិង្ហបុរីនៅកម្ពុជា បានលើកឡើងថា ពលរដ្ឋសិង្ហបុរីមានការពេញចិត្តអង្ករកម្ពុជាជាខ្លាំង ខណៈលោកអះអាងថា សិង្ហបុរី ក៏បានប្តេជ្ញាបន្តគាំទ្រ និងពព្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញទៅមកផងដែរ។នេះបើយោងតាមជំនួបពិភាក្សា រវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយលោក ប៉ាង ឈី វី (PANG Chee Wee) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរី នៅកម្ពុជា នាព្រឹកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរី បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់របស់លោក នៅក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ នៅក្នុងនោះ ស្ថានទូតសិង្ហបុរីបានបង្កើតមជ្ឈមណ្ឌលមួយដើម្បីលើកកម្ពស់ការអប់រំ សមត្ថភាពជំនាញ សិស្ស និស្សិត មន្ត្រីរាជការកម្ពុជា។លោកបានបញ្ជាក់ថា កម្ពុជា និងសិង្ហបុរី នៅមានសក្តានុពលជាច្រើនទៀតដែលត្រូវភ្ជាប់ទំនាក់ទំនងជាមួយគ្នា ដូចជាវិស័យទេសចរណ៍ ពិសេសអេកូទេសចរណ៍ កសិកម្ម ជាដើម ហើយលោកបញ្ជាក់ថា ពលរដ្ឋសិង្ហបុរីមានការពេញចិត្តអង្ករកម្ពុជាជាខ្លាំង។

ជាមួយគ្នានោះ សម្តេចប្រធានរដ្ឋសភា ឃួន សុដារី បានបង្ហាញជំនឿថា ក្នុងអាណត្តិបេសកកម្មការទូតនេះ នឹងបន្តជំរុញកាន់តែខ្លាំងក្លាថែមទៀតដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ។សម្តេចថា កម្ពុជា និងសិង្ហបុរី គឺជារដ្ឋតូចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគោរពច្បាប់អន្តរជាតិ ការពារសន្តិភាព ការពារបូរណភាពទឹកដី ឯករាជ្យភាព និងលើកកម្ពស់គោលការណ៍ពហុនិយម។
សម្តេចប្រធានរដ្ឋសភាបានលើកទឹកចិត្ត និងគាំទ្រពេញទំហឹងចំពោះគម្រោងការងាររបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងស្នើបន្ថែមដល់ឯកឧត្តម ជួយជំរុញការវិនិយោគលើវិស័យអប់រំ សុខាភិបាល និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផងដែរ។ សម្តេចបានគូសបញ្ជាក់ថា សិង្ហបុរីមានការរីកចម្រើនឧស្សាហកម្មធំៗ ដូច្នេះដើម្បីគាំទ្រដល់ដំណើរការនោះ សិង្ហបុរីក៏គួរចែករំលែកផ្នែកតូចៗ ដែលផ្គត់ផ្គង់ច្រវ៉ាក់ផលិតកម្មធំៗនៅកម្ពុជា។
តាមរយៈជំនួបនោះ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់សិង្ហបុរីគាំទ្រខាងបច្ចេកវិទ្យា (AI) ដល់រដ្ឋសភាកម្ពុជាផងដែរ។ រដ្ឋសភានីតិកាលទី៧ កំពុងធ្វើកំណែទម្រង់ និងអភិវឌ្ឍស្ថាប័នជាសភាឌីជីថល ដែលទាមទារការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកបច្ចេកវិទ្យា (AI) ដើម្បីប្រសិទ្ធភាពការងារ និងគ្រប់គ្រងរដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពឡើងផងដែរ៕ អត្ថបទ៖ហ្សាលីន


