ក្រសួង-ក្រុម​វិស្វកររួម​គ្នា​ដោះ​ស្រាយ​ការ​ងារ​ដែល​នៅ​សល់​ដើម្បី​ឈាន​ទៅ​បើក​ដំណើរ​ការ​ផ្លូវ​ល្បឿន​លឿន​ឆាប់ៗ​នេះ​

សង្គម​និង​សេដ្ឋកិច្ច

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រុម​ហ៊ុន សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) កាល​ពី​ថ្ងៃ​ទី​ ០៦ ខែ​ កញ្ញា ឆ្នាំ ២០២២ បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​រួម​គ្នា ដើម្បី​ពិនិត្យ​ ពិភាក្សា​លើ​ចំណុច​ត្រូវ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការងារ​ដែល​នៅ​សេស​សល់ និង​ត្រៀម​ដាក់​ឱ្យ​ដំណើរ​ការ​សាក​ល្បង​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ-ព្រះសីហនុ ឆាប់ៗនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ច​ប្រជុំ​នេះ​ ធ្វើ​ឡើង​ក្រោម​វត្តមាន ឯក​ឧត្តម ស៊ុន ចាន់​ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន និង​ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ (CRBC) ដឹក​នាំដោយ​លោក​ Sun Yao Guo ប្រធាន​វិស្វករ​ ។

នា​ឱកាស​នោះ ឯក​ឧត្តម ស៊ុន ចាន់​ថុល បាន​កោត​សរសើរ​ទៅ​កាន់​ក្រុម​ហ៊ុន ដែល​បាន​អនុវត្ត​ការងារ​សាង​សង់​លឿន​ជាង គម្រោង​ដែល​បាន​គ្រោង​ទុក​ក្នុង​កិច្ច​សន្យា។ ជា​មួយ​គ្នា​នេះ​ដែរ ឯកឧត្តម ក៏​បាន​ដាក់​ផែន​ការ​ ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធដោះស្រាយការងារដែលនៅសេសសល់យកមកពិភាក្សារកដំណោះស្រាយ ឱ្យ​បាន​រួចរាល់​ ដើម្បី​ត្រៀម​ដាក់ឱ្យដំណើរសាកល្បងក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុង​នោះ​ដែរ ឯកឧត្តមថា ចំពោះ ទីតាំងសាងសង់បង្គោលអង់តែនទូរសព្ទសំខាន់ៗមួយចំនួន នៅ​តាម​បណ្តោយ​ផ្លូវ​ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្រសួងបានឯកភាពជាមួយក្រុមហ៊ុន CRBC ផ្តល់​ជូន​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការរៀបចំបំពាក់បង្គោលតាមនីតិវិធីរបស់ខ្លួន ជា​មួយ​ភាគី​ពាក់​ព័ន្ធ។

គួរ​បញ្ជាក់ដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រចបាន ៩៦,៦០% បើគិតត្រឹមថ្ងៃទី ២៦ ខែ​សីហា​ ឆ្នាំ២០២២ ។ ផ្លូវនេះ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ បាន​បើក​ការ​ដ្ឋាន​សាង​សង់​កាល​ពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០១៩ ។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមរដ្ឋាភិបាល ធ្លាប់អះអាងថា គម្រោងសាងសង់ផ្លូវនេះ នឹងក្លាយជាផ្លូវល្បឿនលឿនថ្មី និង​ដំបូង​បំផុត​នៅ​ក្នុងព្រះរាជាណា ចក្រកម្ពុជា និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្រ្តសំខាន់បំផុត ជួយ​កាត់​បន្ថយ​ពេល​វេលា​ធ្វើដំណើរពី រាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ពី​ចំនួន​ប្រាំ​ម៉ោង​ថយ​មក​ប្រមាណ​ពីរ​ម៉ោង​ប៉ុណ្ណោះ​ ព្រមទាំង ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕