សហភាពអឺរ៉ុប ថាចិនព្រមព្រៀងកាត់បន្ថយការនាំចេញរថយន្តប្រភេទកូនកាត់ Hybrid របស់ខ្លួន ពាក់កណ្តាល

អន្តរជាតិ

សហភាពអឺរ៉ុប (EU) បានប្រកាសពីកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយប្រទេសចិន ដើម្បីកាត់បន្ថយការនាំចេញរថយន្តប្រភេទកូនកាត់ (Hybrid) ពីប្រទេសនេះធ្លាក់ចុះមកនៅពាក់កណ្តាល ដែលជាវិធានការចុងក្រោយមួយដើម្បីជួយសង្គ្រោះឧស្សាហកម្មយានយន្តរបស់ប្លុកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញព័ត៌មាននេះត្រូវបានលើកឡើងដោយស្នងការអឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម លោក Maros Sefcovic កាលពីថ្ងៃទី៩ តុលា។ កិច្ចព្រមព្រៀងនេះដែរត្រូវបានសម្រេចបន្ទាប់ពីមានការចរចាអស់រយៈពេល ៣ខែជាមួយមន្ត្រីចិន រួមទាំងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Wang Wentao ក្នុងបរិបទដែលសហភាពអឺរ៉ុបមានជួបប្រទះទៅនឹងឱនភាពពាណិជ្ជកម្មចំនួន ១ពាន់លានអឺរ៉ូ (១,១២ពាន់លានដុល្លារអាមេរិក) ក្នុងមួយថ្ងៃ។

យោងតាមលោក Sefcovic កិច្ចព្រមព្រៀងនេះនឹងជួយគ្រប់គ្រងការនាំចេញរថយន្តប្រភេទកូនកាត់ Hybrid និងរថយន្តកូនកាត់ប្រភេទសាកភ្លើងបាន (PHEV) ដោយកាត់បន្ថយចំនួនរថយន្តរាប់លានគ្រឿងដែលនាំចេញពីចិនមក EU ក្នុងរយៈពេល ៤ឆ្នាំ។

យ៉ាងណាមិញ បើទោះបីជាមិនបានបញ្ជាក់ពីវិធីសាស្ត្រអនុវត្តជាក់លាក់ជាងនេះក៏ដោយ ក៏ស្នងការរៀបចំពាណិជ្ជកម្មអឺរ៉ុបបានលើកឡើងថា កិច្ចព្រមព្រៀងនេះគឺជាជំហានដំបូងដ៏សំខាន់មួយក្នុងដំណើរការធ្វើឱ្យតុល្យភាពពាណិជ្ជកម្មទ្វេភាគីមានភាពល្អប្រសើរឡើងវិញ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឈានដល់កិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយពន្ធនាំចូលរបស់ចិនលើយានយន្តគ្រឿងបន្លាស់ ប្រេងអូលីវ និងស្បែកជើងពី EU ដែលមានតម្លៃប្រហែល ៤ពាន់លានអឺរ៉ូ ព្រមទាំងសម្រួលដល់ដំណើរការចេញប័ណ្ណអនុញ្ញាតសម្រាប់ការនាំចេញសារធាតុរ៉ែកម្រ និងម៉ាញេទិកអចិន្ត្រៃយ៍ពីប្រទេសចិនផងដែរ៕