ប្រទេសជប៉ុន បានចាប់ផ្តើមបើកដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ពិភពលោកឡើងវិញ នៅថ្ងៃដើមសប្តាហ៍នេះ បន្ទាប់ពីការប៉ុនប៉ងបើកដំណើរការជាលើកដំបូងត្រូវបានបរាជ័យ ដោយសារតែបញ្ហាតូចតាចមួយចំនួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បាននិយាយថា រោងចក្រ Kashiwazaki-Kariwa នៅក្នុងតំបន់ Niigata បានចាប់ផ្តើមបើកដំណើរការឡើងវិញ នៅថ្ងៃចន្ទ វេលាម៉ោង ២:០០ នាទីរសៀល (ម៉ោងក្នុងស្រុក)។
គួរឲ្យដឹងថារោងចក្រដ៏ធំបំផុតមួយនេះ ត្រូវបានបិទដំណើរការ ចាប់តាំងពីប្រទេសជប៉ុនដកវិស័យថាមពលនុយក្លេអ៊ែរចេញ បន្ទាប់ពីមារនគ្រោះរញ្ជួយដីដ៏ធំសម្បើម និងរលកយក្សស៊ូណាមិ ដែលធ្វើឲ្យរ៉េអាក់ទ័រចំនួនបីនៅរោងចក្រថាមពលនុយក្លេអ៊េរ Fukushima រលាយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ ប្រទេសជប៉ុន កំពុងងាកទៅរកថាមពលនុយក្លេអ៊ែរសារជាថ្មី ដើម្បីកាត់បន្ថយការពឹងផ្នែកទៅលើឥន្ធនៈហ្វូស៊ីល ក្នុងគោលបំណងសម្រេចបាននូវអព្យាក្រឹតភាពកាបូន នៅឆ្នាំ២០៥០ និងបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងពីបញ្ញាសិប្បនិម្មិត។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ជប៉ុន លោកស្រី Sanae Takaichi ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យ បានលើកកម្ពស់ថាមពលនុយក្លេអ៊ែរដើម្បីផ្តល់ថាមពលដល់ប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់អាស៊ីមួយនេះ។
ជម្រាបជូនថា Kashiwazaki-Kariwa គឺជារោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ពិភពលោកផ្អែកតាមសមត្ថភាពសក្តានុពល ទោះបីជារ៉េអាក់ទ័រត្រឹមតែមួយក្នុងចំណោមរ៉េអាក់ទ័រទាំងប្រាំពីរត្រូវបានចាប់ផ្តើមដំណើរការឡើងវិញក៏ដោយ៕

