មហាសេដ្ឋី​ Elon Musk ចាយលុយជិត ៣០០លានដុល្លារ ជូនបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ

អន្តរជាតិ

មហាសេដ្ឋីមានបំផុតនៅលើពិភពលោក Elon Musk បានបរិច្ចាគទឹកប្រាក់ចំនួន ២៧៦លានដុល្លារ ដល់គណៈកម្មាធិការសកម្មភាពនយោបាយ ក្នុងគោលបំណងរក្សាការគ្រប់គ្រងរបស់គណបក្សសាធារណរដ្ឋទាំងក្នុងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅខែវិច្ឆិកាខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារព័ត៌មាន The New York Times បានរាយការណ៍កាលពីថ្ងៃទី១២ ខែតុលាថា មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ដែលជាបុគ្គលមានបំផុតនៅលើពិភពលោកផងនោះ គឺជាអ្នកបរិច្ចាគផ្ទាល់ខ្លួនដ៏ធំបំផុតសម្រាប់ការបោះឆ្នោតកណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា។

ចាប់តាំងពីខែកក្កដាមក លោក Musk បានបរិច្ចាគទឹកប្រាក់ចំនួន ២៧៦លានដុល្លារ ដល់អង្គការនានាដែលគាំទ្រយុទ្ធនាការរបស់បេក្ខជនមកពីគណបក្សសាធារណរដ្ឋ។ អ្នកទទួលថវិកាច្រើនជាងគេគឺ មូលនិធិភាពជាអ្នកដឹកនាំព្រឹទ្ធសភាសាធារណរដ្ឋ (Republican Senate Leadership Fund) ទទួលបានក្នុងចំនួន ១៥៨លានដុល្លារ ដែលមានគោលដៅជួយរក្សាសម្លេងឆ្នោតភាគច្រើនរបស់គណបក្សនៅក្នុងព្រឹទ្ធសភា។

មិនតែប៉ុណ្ណោះ មហាសេដ្ឋីអាមេរិករូបនេះ ក៏បានផ្តល់ទឹកប្រាក់ ២០លានដុល្លារ ក្នុងមូលនិធិភាពជាអ្នកដឹកនាំសភា (Congressional Leadership Fund) ដែលជាគណៈកម្មាធិការសកម្មភាពនយោបាយខ្នាតយក្ស (Super PAC) គាំទ្រសមាជិកបក្សសាធារណរដ្ឋក្នុងសភាតំណាងរាស្ត្រ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានសភា លោកMike Johnson ផងដែរ៕​