លោក Manuel Villar ដែលធ្លាប់ជាបុគ្គលមានបំផុតរបស់ប្រទេសហ្វីលីពីន បានធ្លាក់ចុះមកចំណាត់ថ្នាក់លេខ៩ ក្នុងចំណោមមហាសេដ្ឋីមានបំផុតរបស់ប្រទេសរបស់ទស្សនាវដ្តី Forbes បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនធំៗរបស់លោកបានធ្លាក់ចុះ និងរបូតលុយអស់ប្រមាន ៨,៦ពាន់លានដុល្លារ។

ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ លោក Villar បានឃើញទ្រព្យសម្បត្តិរបស់លោកធ្លាក់ចុះមកត្រឹម ២,៤ពាន់លានដុល្លារ ពីចំនួន ១១ពាន់លានដុល្លារ ហើយក្រុមហ៊ុនអចលនទ្រព្យរបស់លោកគឺ Villar Land កំពុងប្រឈមមុខនឹងពាក្យបណ្តឹងព្រហ្មទណ្ឌពីគណៈកម្មការមូលបត្រ និងផ្សារហ៊ុនហ្វីលីពីន (SEC) ផងដែរ។
យ៉ាងណាមិញ ជុំវិញបញ្ហាបានកើតឡើងកាលពីខែឧសភាឆ្នាំមុន នៅពេលដែលការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនត្រូវបានផ្អាកដោយសារតែការពន្យារពេលក្នុងការដាក់ស្នើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ខ្លួន។
បន្ទាប់ពី SEC បានដាក់ចេញបញ្ជាមួយក្នុងខែសីហា ឆ្នាំ២០២៥ ដោយពិន័យក្រុមហ៊ុន Villar Land ប្រធានក្រុមហ៊ុន លោក Villar និងនាយកប្រតិបត្តិជាន់ខ្ពស់ផ្សេងទៀតសរុបចំនួន ១២លានប៉េសូ។
មិនតែប៉ុណ្ណោះ ភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះយ៉ាងខ្លាំងនៅពេលដែលការជួញដូរបានចាប់ផ្តើមឡើងវិញ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។ បន្ទាប់មកវាបានធ្លាក់ចុះបន្ថែមទៀត នៅក្នុងខែមករា ឆ្នាំនេះ បន្ទាប់ពី SEC បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងក្រុមហ៊ុន និងនាយកប្រតិបត្តិរបស់ខ្លួន ដោយចោទប្រកាន់ពីការរៀបចំទីផ្សារ ការជួញដូរផ្ទៃក្នុង និងការបង្ហាញព័ត៌មានបំភាន់។
គួរជម្រាបថា លោក Villar ពីមុនជាបុគ្គលមានបំផុតរបស់ប្រទេសនេះ ដែលមានទ្រព្យសម្បត្តិសរុបប្រមាណមានចំនួន ១៧,២ពាន់លានដុល្លារ នៅពេលដែល Forbes បានចេញផ្សាយចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោកឆ្នាំ២០២៥ កាលពីខែមេសាឆ្នាំមុន៕

