លោក Kirill Dmitriev ដែលជាតំណាងពិសេសរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានអំពាវនាវដល់មហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk ឱ្យចូលរួមក្នុងគម្រោងសាងសង់ផ្លូវក្រោមសមុទ្រដែលមានប្រវែង ១១៣ គីឡូម៉ែត្រ កាត់តាមច្រកសមុទ្រ Bering (Bering Strait)។ នេះបើតាមការចុះផ្សាយពីសារសារព័ត៌មាន RT។

លោក Kirill Dmitriev ទីប្រឹក្សាជាន់ខ្ពស់ និងជាមន្ត្រីពិសេសរបស់លោក ពូទីន បានសរសេរនៅលើបណ្តាញសង្គម កាលពីថ្ងៃទី១១ ខែតុលា ដោយសំដៅទៅលើមហាសេដ្ឋី Elon Musk ជុំវិញគម្រោងនេះថា៖ “ដល់ពេលហើយដែលក្រុមហ៊ុន The Boring Company ត្រូវចាប់ផ្តើមសាងសង់ផ្លូវរូងក្រោមសមុទ្រ Putin-Trump ដែលតភ្ជាប់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ព្រមទាំងតភ្ជាប់ទ្វីបអឺរ៉ាស៊ី ជាមួយទ្វីបអាមេរិកហើយ”។
គួរឲ្យដឹងថាលោក Dmitriev បានស្នើឡើងជាលើកដំបូងនូវគម្រោងសាងសង់ផ្លូវកាត់ច្រកសមុទ្រ Bering នេះ កាលពីខែតុលា ឆ្នាំ២០២៥ ដោយបានពណ៌នាវាថាជាគម្រោងនិមិត្តសញ្ញានៃសាមគ្គីភាព ដែលអាចជួយជំរុញការស្វែងរកធនធាន បង្កើតការងារ និងគាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។
គម្រោងផ្លូវក្រោមសមុទ្រនេះ ត្រូវបានគេរំពឹងថានឹងមានប្រវែងប្រហែល ១១៣ គីឡូម៉ែត្រ ដែលស្ថិតនៅចំណុចតូចចង្អៀតបំផុតនៃច្រកសមុទ្រ Bering ដែលខណ្ឌចែកតំបន់ Chukotka របស់ប្រទេសរុស្ស៊ី និងរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក។
យោងតាមការប៉ាន់ប្រមាណរបស់លោក Dmitriev ការប្រើប្រាស់បច្ចេកវិទ្យាសាងសង់បែបប្រពៃណីអាចធ្វើឱ្យគម្រោងនេះចំណាយទឹកប្រាក់អស់ជាង ៦៥ពាន់លានដុល្លារ។ ប៉ុន្តែលោកជឿជាក់ថា បច្ចេកវិទ្យារបស់ក្រុមហ៊ុន The Boring Company ដែលជាក្រុមហ៊ុនទទួលបានមូលនិធិពីមហាសេដ្ឋី Elon Musk នោះ អាចកាត់បន្ថយការចំណាយបានរហូតដល់ ៩០% គឺមកនៅត្រឹមក្រោម ៨ពាន់លានដុល្លារ និងអាចកាត់បន្ថយរយៈពេលសាងសង់មកនៅត្រឹមប្រហែល ៨ឆ្នាំប៉ុណ្ណោះ៕

