ប្រទេសចិន បានប្រកាសថាខ្លួននឹងដាក់ពន្ធបន្ថែម ៥៥% លើការនាំចូលសាច់គោមួយចំនួនពីប្រទេសនានា រួមទាំងប្រេស៊ីល អូស្រ្តាលី និងសហរដ្ឋអាមេរិក ជាដើមចាប់ពីដើមឆ្នាំ២០២៦ នេះតទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តម្លៃសាច់គោនៅក្នុងប្រទេសចិន ត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះនៅក្នុងពេលប៉ុន្មានខែថ្មីៗនេះ ខណៈពេលដែលអ្នកវិនិយោគបានស្តីបន្ទោសទៅលើការផ្គត់ផ្គង់លើស និងកង្វះខាតតម្រូវការ ស្របពេលស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកំពុងមានកំណើនយឺតយ៉ាវ។
មិនតែប៉ុណ្ណោះ នៅក្នុងពេលជាមួយគ្នានោះ ការនាំចូលបានកើនឡើងយ៉ាងខ្លាំង ដោយសារតែប្រទេសចិន គឺជាចំណែកទីផ្សារដ៏សំខាន់បំផុត សម្រាប់ប្រទេសនាំចេញធំៗដូចជាប្រេស៊ីល អាហ្សង់ទីន និងអូស្ត្រាលី ជាដើម។
យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា ការនាំចូលសាច់គោច្រើន បានធ្វើឲ្យខូតខាតដល់ឧស្សាហកម្មក្នុងស្រុករបស់ប្រទេសចិន។ ការស៊ើបអង្កេតនេះគ្របដណ្តប់លើសាច់គោស្រស់ កក សាច់គោមានឆ្អឹង និងសាច់គោគ្មានឆ្អឹង។
ជម្រាបជូនផងដែរថា ចំពោះច្បាប់ថ្មីនេះ សាច់គោដែលនាំចូលពីប្រទេសនានា នឹងត្រូវទទួលរងនូវពន្ធគយបន្ថែម ៥៥% ដែលនឹងត្រូវអនុវត្តរយៈពេល ៣ឆ្នាំ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៨៕

