យោងតាមការវិវត្តប្រែប្រួលនៃស្ថានភាពអាកាសធាតុ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីអំពាវនាវដល់សាធារណជនឱ្យមេត្តាចូលរួមក្នុងការប្រើប្រាស់ទឹកដោយសន្សំសំចៃ និងរួមគ្នាថែរក្សាប្រភពទឹកទុកសម្រាប់រដូវប្រាំងខាងមុខ ដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជាកំពុងឈានទៅរកការផ្លាស់ប្តូរពីរដូវវស្សាទៅរដូវប្រាំង ដោយរដូវវស្សាប្រចាំឆ្នាំ២០២៦ នឹងត្រូវបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ឆ្នាំ២០២៦ នេះហើយ។ ការថយចុះនៃបរិមាណទឹកភ្លៀងជាបន្តបន្ទាប់ បណ្តាលមកពីការបញ្ចប់ឥទ្ធិពលរបបខ្យល់មូសុងនិរតី និងការកើនឡើងឥទ្ធិពលខ្យល់មូសុងឦសាន។
ជាមួយគ្នានេះ ស្ថានភាពអាកាសធាតុកាន់តែគួរឱ្យកត់សម្គាល់ ដោយសារបាតុភូតអែលនីញ៉ូ (El Niño) នឹងស្ថិតនៅក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។ កត្តានេះនឹងធ្វើឱ្យខ្យល់មូសុងឦសាននាំមកនូវបរិមាណទឹកភ្លៀងក្នុងកម្រិតខ្សោយ ប៉ុន្តែអាចនឹងមានលាយឡំទៅដោយបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងបាតុភូតអាកាសធាតុមួយចំនួនទៀតដែលអាចកើតមានឡើងនៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា។
ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដានអំពីស្ថានភាពធាតុអាកាស និងអាកាសធាតុ យ៉ាងយកចិត្តទុកដាក់ ដើម្បីជម្រាបជូនដំណឹងជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួលជាយថាហេតុ។


