លោក ឡោ វិចិត្រ៖ តំបន់អរិយក្សត្រ និងកណ្តាលស្ទឹង អាចកាត់ចូលរាជធានីភ្នំពេញ អាស្រ័យលើកត្តា៣យ៉ាង

សង្គម​និង​សេដ្ឋកិច្ច

តំបន់អរិយក្សត្រ និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល អាច​នឹង​កាត់​ចូល​ក្នុង​រដ្ឋបាល​រាជធានីភ្នំពេញ ឬ​​ក៏​មិន​​អាច​កាត់​ចូល​នោះ អាស្រ័យ​លើ​កត្តា​៣​យ៉ាង​គឺ ប្លង់គោល​របស់​រាជរដ្ឋាភិបាល (Master Plan), គោលនយោបាយ​សេដ្ឋកិច្ច​ក្នុង​តំបន់​ និង​​ការ​ចំណាក​ស្រុក។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ឡោ វិចិត្រ ប្រធានសមាគម​អចលន​ទ្រព្យសកល រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​បទសម្ភាសន៍​ជាមួយ​ឧកញ៉ាញូស៍ ​​កាល​ពី​ពេល​ថ្មីៗ​នេះ លោក ឡោ វិចិត្រ ​​​​យល់​ឃើញ​​ថា តំបន់អរិយក្សត្រ និងស្រុក​កណ្តាលស្ទឹង ជា​តំបន់​នៅ​ស្ថិត​នៅ​ជិត​រាជធានីភ្នំពេញ និង​កំពុង​មាន​សក្តានុពល​​​ខ្លាំង​ក្លា​ផង​ដែរ។ ទោះ​យ៉ាងណា​ ​​​លោក​យល់​ថា ​​តំបន់​ទាំង​ពីរ​នេះ​​នៅ​មិន​ទាន់​អាច​កាត់​ចូល​ក្នុង​រាជធានីភ្នំពេញ ក្នុង​ពេល​ឆាប់ៗ​នោះ​ទេ ព្រោះ​​​អាច​កាត់​​​ចូល​ក្នុង​រាជធានី​​បាន គឺ​ត្រូវ​​ពឹង​លើ​កត្តា​ធំៗ​៣។

កត្តា​ទី​១ ប្លង់​គោល​ប្រើប្រាស់​ដី​របស់​រដ្ឋបាល​រាជធានីភ្នំពេញ។ ចំណុច​នេះ ​លោក​​បន្ថែម​ថា​ តើ​រាជរដ្ឋាភិបាល​​​មាន​ផែនការ​​ពង្រីក​រាជធានី​​ទៀត​ដែរ​ឬ​ទេ ព្រោះ​ការ​ពង្រីក​ទីក្រុង​វា​ពាក់ព័ន្ធ​នឹង​​​សមត្ថភាព​របស់​អាជ្ញាធរ​ក្នុង​ការ​គ្រប់​គ្រង​ផង​ដែរ។ កត្តា​ទី​២ គោលនយោបាយ​សេដ្ឋកិច្ច​ក្នុង​តំបន់​៖ បើ​តំបន់​ទាំង​ពីរ​នោះ​កំណត់​ថាជា​តំបន់​ពាណិជ្ជកម្ម CBD (Central Business District) នោះ​ប្រាកដ​ណាស់​​ នឹង​អាច​កាត់​ចូល​រាជធានីភ្នំពេញ​បាន ឬ​ក៏​​តំបន់​រោងចក្រ​ច្រើន ក៏​អាច​ពិចារណា​ដែរ។ កត្តា​ទី​៣ ការ​ចំណាក​ស្រុក៖ ចំណុច​នេះ ​សួរ​ថា​តើ​​មាន​​ចំណាក​ស្រុក​ ចេញ​ចូល​ក្នុង​តំបន់​ពីរ​ច្រើន​ហើយ​ឬ​នៅ និង​ក្លាយ​ជា​តំបន់​អ៊ូរអរ​​​​​ហើយ​ឬ​នៅ ហើយ​បើ​មាន​ចរន្ត​ការ​ចំណាក​ស្រុក​ពី ៤០ម៉ឺន​នាក់ ទៅ​៥០ម៉ឺន​នាក់ នោះ​ក៏​ជា​កត្តា​គួប​ផ្សំ​ផង​ដែរ។

សូម​បញ្ជាក់​ថា តំបន់អរិយក្សត្រ ជា​ឃុំ​មួយ​ស្ថិត​នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល និង​ស្ថិតនៅភាគខាងកើត​នៃទីក្រុង​ភ្នំពេញ យើងអាចជិះនាវាចម្លងកាត់ទន្លេចតុមុខដោយប្រើរយៈពេលខ្លីតែប៉ុណ្ណោះ។ កាល​ពី​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​​​​​គម្រោងសាង​សង់ស្ពានអរិយក្សត្រ ដែលគ្រប់គ្នាទន្ទឹងរង់ចាំជាយូរឆ្នាំមកហើយ ដែលនឹងតភ្ជាប់ពីរាជធានីភ្នំពេញទៅ​កាន់ស្រុក​ល្វាឯម នៃខេត្តកណ្តាល ដោយឆ្លងកាត់ទន្លេមេគង្គត្រង់ចំណុចទន្លេចតុមុខ​នោះ រដ្ឋាភិបាលកូរ៉េខាងត្បូង​នឹងសាងសង់​ជូននៅពេលខាងមុខ។

រីឯ​ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល ស្ថិតនៅភាគ​​ខាង​ត្បូង​រាជធានីភ្នំពេញ បាន​ក្លាយ​ជា​ទី​ចំណាប់​អារម្មណ៍​ខ្លាំង​របស់​អ្នក​វិនិយោគ​អចលនទ្រព្យ​ បន្ទាប់​​ពីមាន​ការ​សាងសង់​ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។ សម្តេចតេជោ ហ៊ុន សែន បានសម្រេចសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះឡើង លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាស​យានដ្ឋានអន្តរជាតិថ្មី ដែលជាគម្រោងដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជានេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០​លានដុល្លារ៕